សៀមរាប: ឯកឧត្តម រ័ត្ន មុន្នី អគ្គនាយករង តំណាងឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានដឹកនាំប្រតិភូ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ទៅផ្តល់ជូនបងប្អូនគ្រួសារវីរៈកងទ័ព និង ប្រជាពលរដ្ឋភៀសសឹក
ចំនួន៥៤០គ្រួសារ ជាគ្រួសារភៀសសឹក ពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ដែលបានកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២៥ អមដំណើរដោយលោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្ត និង អាជ្ញាធរស្រុកផងដែរ ។
តាមសេចក្តីរាយការណ៍របស់លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានឲ្យដឹងថា នៅទូទាំងស្រុកស្វាយលើ មានទីតាំងចំនួន៤កន្លែង សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅ ហើយចាប់ពីថ្ងៃផ្ទុះសង្គ្រាមឈ្លានពាននៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មកដល់ពេលនេះ មានបងប្អូនគ្រួសារវីរៈកងទ័ព និង ប្រជាពលរដ្ឋ ចូលមកកាន់ទីកន្លែង មានសុវត្ថិភាព ក្នុងភូមិសាស្ត្រស្រុកស្វាយលើ សរុបចំនួន ១ពាន់៩៥៨គ្រួសារ មានមនុស្ស ៦ពាន់៧៥៦នាក់ ។ លោកក៏បានលើកផងដែរ ពីផលវិបាកដោយកង្វះទឹកប្រើប្រាស់ និង បង្គន់អនាម័យផងដែរ ។
មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនភៀសសឹកក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន មុន្នី ក៏បានលើកឡើងថា សង្គ្រាមធ្វើឲ្យយើងរងទុក្ខវេទនា ចាកចោលភូមិដ្ឋាន ផ្ទះសម្បែង វិនាសខូចខាត ដោយការឈ្លានពានពីទាហានសៀម បានធ្វើឲ្យបងប្អូនមកស្នាក់នៅគ្មានទីជម្រក ដូចផ្ទះរបស់ខ្លួនឡើយ ។ ឯកឧត្តមបានបន្តទៀតថា ដោយទុក្ខលំបាករបស់ បងប្អូនដែលបានជម្លៀសខ្លួន ឲ្យរួចផុតពីការវាយប្រហារបស់សត្រូវឈ្លានពានសៀម ក្រុមការងារនៃអគ្គនាយកដ្ឋាន ពន្ធដារកម្ពុជា តែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្ដទុកដាក់ និង គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលភៀសសឹកមកកាន់តំបន់មានសុវត្ថិភាពដោយនាំយកមក ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ សម្រាប់ផ្ដល់ជូនដល់បងប្អូនភៀសសឹក ដែលជាតម្រូវការមួយដ៏ចាំបាច់ សម្រាប់ការស្នាក់អាស្រ័យជាបណ្ដោះអាសន្ន ។ ក្នុងនាម ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ក៏ដូចជាក្នុងនាមឯកឧត្ដមផ្ទាល់ ថ្លែងអំណរគុណដល់ លោកគ្រូចៅអធិកាវត្ដ បឹងមាលា អាជ្ញាធរខេត្ដសៀមរាប អាជ្ញាធរស្រុក និង អាជ្ញាធរមូលដ្ឋាន ដែលបានគិតគូ និងយកចិត្ដទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយសម្របសម្រួលទីកន្លែងស្នាក់នៅបណ្ដោះអាសន្ននេះ ។
ឯកឧត្តម រ័ត្ន មុន្នី ក៏បានសុំឲ្យ លោកប្រធានសាខាពន្ធដារខេត្តសៀមរាប ជួយដោះស្រាយនូវបញ្ហាកង្វះទឹកប្រើប្រាស់របស់បងប្អូន ព្រមទាំងត្រូវរៀបចំ បន្ថែមនូវបង្គន់អនាម័យផងដែរ ។ ឯកឧត្តមក៏បានជម្រុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ឃុំ បង្កើនការយកចិត្ត ទុកដាក់ពី សុខភាព អនាម័យ បរិស្ថាន និង សន្តិសុខ សុវត្ថិភាពជូនបងប្អូន និង សូមឲ្យបងប្អូនភៀសសឹកទាំងអស់ ត្រូវចូលរួមក្នុងការថែទាំសុខភាព អនាម័យ បរិស្ថានដែលនៅជុំវិញខ្លួន ហើយបើមានបងប្អូនយើង មានជម្ងឺ ត្រូវទៅមណ្ឌល សុខភាពនៅក្នុងមូលដ្ឋាន ពីព្រោះថា ការព្យាបាលបងប្អូនដោយឥតគិតថ្លៃ តែត្រូវមានប័ណ្ណភៀសសឹកផងដែរ ។
ក្នុងនោះដែរឯកឧត្តមនិងលោកជំទាវ ក៏បានបន្លែមនូវថវិកាចំនួន១០ម៉ឺនរៀល ភួយ១ សម្រាក់បងប្អូនគ្រួសារកងទ័ព ស្ត្រីមានផ្ទៃពោះ និង ជនពិការ លើអំណោយគ្រឿងឧបភោគបរិភោគ ព្រមទាំងបានឧបត្ថម្ភដល់កងកម្លាំងការពារសន្តិសុខ និង ក្រុមការងារក្នុងមណ្ឌលផងដែរ ៕






































