កំពង់ចាម: ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញដាំដើមផ្កាជើងគោ លម្អអមសងខាងផ្លូវជាតិលេខ៧ ស្កន់-ក្រុងកំពង់ចាម ក្រោមការ ចូលរួម «ផ្ទះមួយខ្នង ដើមឈើមួយដើម» ។
គួររំលឹកថា ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៥ កន្លងមកនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រារព្ធពិធីដាំ ដើមផ្កាជើងគោ ជានិមិត្តរូប ចំនួន២០០ដើម លើផែនការ ១៥.០០០ដើម ដែលត្រូវបានធ្វើការដាំដុះ ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សោភណភាព នៅតាមបណ្តោយទ្រូងផ្លូវជាតិលេខ៧ និងលម្អ សងខាងចិញ្ចើមផ្លូវ ចាប់ពីរង្វង់មូលស្តន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុង កំពង់ចាម ។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលបានផ្តល់កូនឈើ ផ្កាជើងគោ ចំនួន ១៥.០០០ដើម ដើម្បីគាំទ្រដល់គម្រោងលើក កំពស់សោភ័ណភាពផ្លូវជាតិលេខ៧ ឱ្យមានទេសភាព បៃតងស្រស់បំព្រង ព្រមទាំងបានអញ្ជើញចូលរួមដាំដើមផ្កាជើងគោជានិមិត្តរូបនាឱកាសនេះផងដែរ ។
គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនា លើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង ស្គន់-ក្រុងកំពង់ចាម គិតមកដល់ពេលនេះ គឺសម្រេចបានប្រមាណជាជាង៧០% ហើយ ដោយរំពឹងថា នឹងរួចរាល់នៅក្នុង ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ ៕






































