រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជម្រុញឲ្យបន្តផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅខេត្តសៀមរាប

0

សៀមរាប: ព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៥នេះ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាព ប្រចាំឆ្នាំ២០២៥និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង អស់លោក លោកស្រីមកពីគ្រប់ស្ថាប័ន អង្គភាពប្រតិបត្តិ និង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អធិការនគរបាលក្រុង ស្រុក មេប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រមាណជា ៣០០នាក់ចូលរួម ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានខិតខំធ្វើឲ្យការងារ លើការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផល គួរឲ្យកត់សម្គាល់។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវបន្តពង្រឹងការផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេស ការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ បានផ្តោតដ៏សំខាន់ ទៅលើបញ្ហាចរាចរណ៍ ដែលជាកត្តាចំបងនៅខេត្តសៀមរាប ជាឃាតករបំបាំងមុខ ដែលបង្កឡើងដោយកត្តាមនុស្ស និង សម្ភារៈ បានបង្កធ្វើឲ្យមានជនពិការ បន្សល់ទុកសោទនាកម្មដល់ក្រុមគ្រួសារ ។ ក្នុងនោះឯកឧត្តមក៏បានលើកឡើង ពីវេទិកាសាធារណៈ គឺជាយន្តការបញ្ជ្រៀបគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការស្តាប់នូវរាល់សំណូមពរ និង បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និង ផ្សព្វផ្សាយពីព័ត៌មានពិត ឬ មិនពិតជូនប្រជាពលរដ្ឋ សំខាន់ក្នុងពេលកំពុងជួបបញ្ហាពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ។ ម៉្យាងទៀតអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាការពារភូមិ ឲ្យពួកគាត់ស្គាល់នូវពីតួនាទីរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពនៅតាម មណ្ឌលជនភៀសសឹក ហើយឃុំ សង្កាត់សហការឲ្យបានល្អជាមួយនគរបាលប៉ុស្តិ៍ និង សហការជាមួយជំនាញ រកមុខសញ្ញាដែលលាក់ខ្លួនក្នុងពេលប្រជាពលរដ្ឋភៀសសឹក ព្រមទាំងសហការក្នុងការធ្វើរដ្ឋបាលបើកចំហរ និង បង្ក្រាបក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង់ និង ធ្វើការផ្សព្វផ្សាយទៅតាមគ្រឹះស្ថាន វិស័យឯកជន និង ក្រុមហ៊ុន សហគ្រាស។ ឯកឧត្តមក៏បានជម្រុញ ដល់រដ្ឋបាលខេត្ត ត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពរដ្ឋបាលខេត្ត ឲ្យបានរឹងមាំ ក្តាប់ឲ្យបាននូវរាល់សភាពការណ៍នានា ដែលកើតមានតាមក្រុង-ស្រុក ឃុំសង្កាត់ ក្នុងដែនសមត្ថកិច្ចខ្លួន ក្នុងពេលដែលមានបងប្អូនភៀសសឹក ចេញពីតំបន់សង្គ្រាមឈ្លានពាន តាមបណ្តោយព្រំដែនកម្ពុជា ថៃ ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា និង ក្នុងនោះត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះ ប្រជាពលដ្ឋ អំពីគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ដើម្បីស្តាប់កង្វល់ និង សំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយ។
លោក សំកុល សុចិត្រា បានលើកឡើងថា ស្របនឹងស្ថានភាព នៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ ដែលប្រទេសជាតិ មាននាពេលបច្ចុប្បន្ន កត្តាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម គឺជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់ និង អាទិភាពបំផុត ដែលទាមទារឲ្យយើងត្រូវរួមគ្នាធានាឲ្យបាននូវ កត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ ។ កត្តាសំខាន់ដោយខេត្តសៀមរាប ជាគោលដៅរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ហើយបានកំពុងទទួលបងប្អូនភៀសសឹក មក ស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាព ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានគូសបញ្ជាក់ពីលទ្ធផលនែការអនុវត្តគោលនយោ បាយភូមិ ឃុំសង្កាត់មានសមត្ថភាព ធ្វើបានចំនួន៩ពាន់៤៩០លើក មានប្រជាពលរដ្ឋចូលរួម ៧៧៨ពាន់១៨នាក់ និង ការ ងារវេទិកាសាធារណៈ បានចំនួន៨ពាន់៥៦៦លើក មានប្រជាពលរដ្ឋចូលរួម ៣១៨ពាន់ ១៥០នាក់ ។ បានចងក្រង ប្រជាការពារ បាន ១២ពាន់៦០នាក់ ស្មើ ១ពាន់២០៦ក្រុម និង ការងារផ្តល់សៀវភៅគ្រួសារ និង ស្នាក់នៅ ទូទាំងខេត្ត មានចំនួន ២៧៧ពាន់៦១៤គ្រួសារ មានមនុស្ស ១លាន១៨២ពាន់៥៤៩នាក់ ចាប់ពីអាយុ១៨ឡើងមាន ៨៣១ពាន់៥២៨នាក់ និងប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន ចំនួន ២៧ពាន់៤៩០នាក់ ៕