ខេត្តព្រះសីហនុ៖នាវា DIAMOND PRINCESS សញ្ជាតិ BERMUDA នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បាន ចូលចតកំពង់ផែស្វ័យតក្រុងព្រះសីហនុ ជាមួយនិងភ្ញៀវទេសចរណ៍បរទេសចំរុះជាតិសាសន៍ជិត ៣ពាន់នាក់មក ទស្សនាខេត្តព្រះសីហនុ ។

នាវាទេសចរណ៍នេះផ្ទុកអ្នកដំណើរ និងនាវិកសរុបចំនួន ២៨៥០នាក់ (ស្រី ១៥៦៦នាក់, មាន ៥២ សញ្ជាតិ) ក្នុងនោះនាវិកសរុប ១០៥១នាក់ (ស្រី ២៤៥ នាក់, មាន ៥១ សញ្ជាតិ)។ចំនួនសញ្ជាតិដែល មានច្រើនជាងគេគឺជនជាតិអូស្ត្រាលី ៨២៤ នាក់ ជនជាតិអាម៉េរិក ៧៩៧នាក់។

វត្តមាននៃការចូលចតនាវា DIAMOND PRINCESS នេះ ក៏ មានការអញ្ជើញទទួលស្វាគមន៍ដោយផ្ទាល់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុ មានសក្តា នុពល ខ្ពស់លើវិស័យទេសចរ វិនិយោគ និងលូជីស្ទីក ហើយបច្ចុប្បន្ននេះ ខេត្តកំពុងពង្រីកផែរទឹកជ្រៅដែលនាវា អន្តរជាតិធំៗអាចចូលចតបាន។ ការមកដល់របស់ភ្ញៀវបរទេសថ្ងៃនេះ បង្ហាញថា កម្ពុជាមានសុខសន្តិភាពល្អ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការចូលចតនេះមិនមែន ជារឿងចៃដន្យនោះឡើយដោយនាវានេះកំពុងបង្ហាញសារទៅកាន់ពិភពលោកថា កម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ពីព្រោះកម្ពុជាមានតំបន់ទេសចរណ៍ ដ៏សម្បូរ បែបដែលធ្វើឱ្យទេសចរជាតិ និងអន្តរជាតិចង់មកទស្សនាម្តងហើយម្តងទៀត ជាពិសេសខេត្តព្រះសីហនុ។នាវានាវា DIAMOND PRINCESS នេះនឹងចាកចេញ ពីកម្ពុជានៅល្ងាចថ្ងៃដដែល ហើយនឹងបន្តទៅកាន់ ប្រទេសថៃ៕


នាគសមុទ្រ





































