ខេត្តព្រះវិហារ៖ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានឧត្ថម្ភអំបុក ៤តោន តាមរយៈរដ្ឋបាលខេត្តព្រះវិហារ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពព និងផ្តល់ជូនអង្គភាពកងកម្លាំងប្រដាប់អាវុធទាំង៣ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។
អំណោយអំបុកស្រូវថ្មីទាំង ៤តោននោះ ត្រូវបានផ្តល់ជូនពលរដ្ឋភៀសសឹកមណ្ឌលសុវត្ថិភាពព វត្តគីឡូលេខ៨ចំនួន ១តោន បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ១តោន ស្នងការដ្ឋាននគបាលខេត្តព្រះវិហារ ១តោន និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ១តោន ដើម្បីចែកជូនបន្តដល់កម្លាំង ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ព្រមទាំងចូលរួមលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី សុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ជួសមុខឲ្យកងកម្លាំងជួរមុខ និងពលរដ្ឋភៀសសឹកទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តរបស់សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលសម្តេចមានមនោសញ្ចេតនាជាប់ជាមួយកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកគ្រប់កាលៈទេសៈ។
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង គឺជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់កម្ពុជា ដែលមានបទពិសោធន៍យូរអង្វែងទាំងផ្នែកនយោបាយ និងការទូត។ សម្តេចបានបម្រើការងារជូនជាតិ អស់រយៈពេលជាច្រើនទសវត្សរ៍ ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាង និងពង្រឹងទំនាក់ទំនងការទូតរបស់កម្ពុជា លើឆាកអន្តរជាតិ។
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង នាឆ្នាំ១៩៩១ ត្រូវគេដឹងថា បានក្លាយជាហត្ថលេខីមួយរូប នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបាននាំមកនូវការបញ្ចប់សង្គ្រាមស៊ីវិល និងបើកផ្លូវសម្រាប់ដំណើរស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អស់រយៈពេលជាង ២០ឆ្នាំ ដែលជាពេលវេលាដ៏យូរអង្វែងបំផុត។
ក្នុងអំឡុងពេលនោះ សម្តេចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យកម្ពុជា មានទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសជាច្រើនលើពិភពលោក និងបានចូលរួមយ៉ាងសកម្មក្នុងការពង្រឹង និងការពារបូរណភាពទឹកដីកម្ពុជា។
សម្ដេចឥស្សរវិទេសបញ្ញា ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសំណុំរឿងប្ដឹងផ្ដល់ រវាងកម្ពុជា និងថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ នាទីក្រុងឡាអេ ដែលនាំឱ្យកម្ពុជាទទួលបានជ័យជម្នះក្នុងការបញ្ជាក់ថា ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា៕ដោយ៖ឡុង សំបូរ






































