(កំពង់ធំ) ÷ នារសៀលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ព្រះសង្ឃជាង ៥០០អង្គ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋជាង៩០០នាក់ បាននិមន្ត និងជួបជុំគ្នានៅបរិវេណវត្តឥន្ទ្រីសំវរៈ ហៅ (វត្តកំពង់ធំ) ស្ថិតនៅភូមិក្តី ក្សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីប្រារព្ធ ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និង
អំពើហិង្សា មិនមែនជាជម្រើសក្នុង ការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់ និងជា វិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។
ពិធីនេះ មានកម្មវិធីសមាធិ ពិធីធម្មទេសនា និងកិច្ចពុទ្ធសាសនាបួងសួង ដើម្បីអំពាវនាវឲ្យសេចក្ដីសុខ សន្តិភាព និងស្ថិរភាព កើតមានឡើងវិញលើទឹកដីកម្ពុជា តាមគោលការណ៍អហិង្សា មនុស្សធម៌ និងសាសនា។
ព្រះបុណ្ណញ្ញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះធម្មធរគណខេត្ត និងជាព្រះអនុគណស្រុកស្ទោង ព្រះចៅអធិការវត្តឃ្លាំងខ្មូត មានព្រះថេរដីកាថា ពិធីបួងសួងនេះ គឺជាការបង្ហាញឆន្ទៈសង្គមច្បាស់លាស់របស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងការបដិសេធសង្គ្រាម មិនគាំទ្រអំពើហិង្សា និងជំរុញឲ្យគ្រប់ភាគីដោះស្រាយបញ្ហាតាមផ្លូវសន្តិវិធី ដោយផ្អែកលើធម៌ និងសេចក្ដីមេត្តាករុណា។
ចំណែកព្រះមុនីធម្មវេទី ឡាំ អិត ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះសមុហ៍គណខេត្ត និងព្រះវិន័យធរស្រុកស្ទោង ព្រះចៅអធិការវត្តពោធិ៍ដំណាក់ មានព្រះថេរដីកាបន្ថែមថា ព្រះពុទ្ធសាសនា គឺជាមូលដ្ឋាននៃសន្តិភាព និងការរស់នៅដោយសុខដុមរមនា ហើយការបួងសួង និងសមាធិរួមគ្នា ជាវិធីមួយក្នុងការលើកកម្ពស់ស្មារតីសន្តិភាព ទាំងក្នុងចិត្តមនុស្ស និងក្នុងសង្គមជាតិ។
លោក ហឿន យ៉ិនធីរ តំណាងប្រជាពលរដ្ឋ បានលើកឡើងថា ពិធីនេះ មិនត្រឹមតែជាពិធីសាសនាទេ ប៉ុន្តែជាសារសង្គម និងមនុស្សធម៌ដ៏ច្បាស់លាស់ បញ្ជាក់ថាប្រជាជនខ្មែរ ចង់បានសន្តិភាព ត្រូវការសន្តិភាព និងគាំទ្រដំណោះស្រាយសន្តិវិធី តាមរយៈការទូត កិច្ចសន្ទនា និងច្បាប់អន្តរជាតិ ដើម្បីការពារជីវិតប្រជាជន និងធានាអនាគតជាតិប្រកបដោយសុខសាន្ត។
រីឯលោក ថោង សាលួន តំណាងអាចារ្យ បានបញ្ជាក់ថា ការចូលរួមយ៉ាងទូលំទូលាយរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ គឺជាការឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការរួបរួម និងការឯកភាពរបស់ជាតិ ក្នុងការគាំទ្ររាជរដ្ឋាភិបាល កងទ័ព និងការការពារអធិបតេយ្យភាពជាតិ ព្រមទាំងការបដិសេធសង្គ្រាមជាជម្រើសដោះស្រាយបញ្ហា។
ក្នុងឱកាសនោះផងដែរ មានកិច្ចឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ ជាការបង្ហាញក្តីគោរព និងការចងចាំមិនរលត់ចំពោះវីរភាព និងការលះបង់ដ៏ធំធេងសម្រាប់ជាតិ មាតុភូមិ។
សូមជម្រាបថា ខណៈពេលដែលពិធីនេះប្រារព្ធឡើងនៅវត្តឥន្ទ្រីសំវរៈ ក្នុងខេត្តកំពង់ធំក៏មាន ព្រះសង្ឃ និងពុទ្ធបរិស័ទតាមបណ្ដារាជធានី–ខេត្តផ្សេងៗ ក៏បាននិមន្ត និងជួបជុំគ្នានៅទីតាំងសុវត្ថិភាពរៀងៗខ្លួន ដើម្បីរួមគ្នាបង្ហាញឆន្ទៈសង្គម ក្នុងការបដិសេធសង្គ្រាម និងគាំទ្រដំណោះស្រាយសន្តិវិធី ឈានឆ្ពោះទៅរកសន្តិភាពពិតប្រាកដសម្រាប់កម្ពុជា៕
អត្ថបទ៖លោក អ៊ុម ញឹប និងពិនិត្យកែសម្រួល ដោយ លោក ប៉ាត ពណ្ណរាយ






































