ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម នាំយកអំណោយ អង្ករ១០តោន ប្រហុក ២តោន និង ថវិកាជូនដល់រដ្ឋបាលខេត្តសៀមរាប ទ្រទ្រជីវភាពជនភៀសសឹក

0

សៀមរាប: ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាន ដឹកនាំប្រតិភូក្រសួង នាំយកអំណោយជា អង្ករ ចំនួន ១០តោន និង ប្រហុក ២តោ ព្រមទាំងថវិកា ១០លានរៀល ប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នៅសាលាខេត្តសៀមរាបនៅព្រឹកថ្ងៃទី ០២ ខែ មករា ឆ្នាំ២០២៦នេះ ។
មានប្រសាសន៍នោះដែរឯកឧត្តម ថោ ជេដ្ឋា បានគូសបញ្ជាក់ថា ដើមី្បជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងពេលដែលប្រទេសជាតិត្រូវសត្រូវឈ្លានពានពីប្រទេសថៃនេះ ដែលបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅតាម បណ្តោយព្រំដែនកម្ពុជា ថៃ ទទួលរងគ្រោះ ធ្វើការជម្លៀសខ្លួនចាកចេញពីផ្ទះសម្បែង មករកទីកន្លែងមានសុវត្ថិភាព ហើយបានកំពុងស្នាក់នៅបណ្តោះអាសន្ននៅតាមមណ្ឌលសុវត្ថិភាព ។ ដោយកត្តានេះហើយ ក្រសួងបានធ្វើការបែង ចែកក្រុមប្រតិភូ នាំយកទៅប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប , ឧត្តរមានជ័យ និងខេត្តព្រះវិហារ ហើយខេត្តមួយ ចំនួនទៀតដែលមានបងប្អូនភៀសសឹកស្នាក់នៅ ក៏ក្រសួងអញ្ជើញចុះទៅចែកជូនផ្ទាល់ផងដែរ ។ ឯកឧត្តមបានបន្តទៀតថា ក្រៅពីការផ្តល់ដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ក្រសួងក៏បានធ្វើការផ្គត់ផ្គង់ជាគ្រឿងឧបភោគបរិភោគ និង សម្ភារៈប្រើប្រាស់ដល់បងប្អូនវីរៈកងទ័ពជួរមុខ ដែលកំពុងប្រកៀកស្មាគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រកបដោយភាពម្ចាស់ការ នៅគ្រប់គោលដៅនៃសមរភូមិប្រយុទ្ធ ។ ឯកឧត្តម ថោ ជេដ្ឋា បានបន្តទៀតថា ជាក់ ស្តែង ថ្ងៃនេះប្រតិភូក្រសួងធនធានទឹកនិងឧតុនិយម បាននាំមកនូវអង្ករ ប្រហុក និង ថវិកា ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប ក្នុងការផ្គត់ផ្គង់ជីវភាព ដល់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ។
មានប្រសាសន៍បញ្ជាក់ជូនគណៈប្រតិភូនោះដែរ ឯកត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឲ្យដឹង ថា ចាប់ពីមានការផ្ទុះអាវុធ ដោយការឈ្លានពានពីពួកទាហានថៃ ខេត្តសៀមរាប បានទទួលបងប្អូនភៀសសឹក ប្រមាណជា ៤ម៉ឺននាក់ ស្មើ ៣ម៉ឺនគ្រួសារ ដែលបានមកស្នាក់នៅបណ្តោះអាសន្ននៅតាមមណ្ឌលសុវត្ថិភាព ទាំង ១៣១កន្លែង និង តាមផ្ទះបងប្អូន ញាតិមិត្ត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ឯកឧត្តមបានបន្តទៀត ក្រោយមាន កិច្ចចុះហត្ថលេខាព្រមព្រៀងការឈប់បាញ់ បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមានលំនៅដ្ឋាននៅឆ្ងាយពីតំបន់ប្រយុទ្ធ ក៏បានធ្វើការចាកចេញទៅភូមិឋានរបស់ខ្លួនវិញ ប្រមាណ ១ម៉ឺននាក់ ។ ឯកឧត្តមអភិបាលខេត្តបន្តទៀតថា អំណោយដែលរដ្ឋបាលខេត្តទទួលបានក្នុងពេលកន្លងមក ត្រូវបានធ្វើការបែងចែកផ្គត់ផ្គង់ដល់កងកម្លាំងជួរមុខ មាន វីរៈកងទ័ព , នគរបាល , កងរាជអាវុធហត្ថ និង បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌល និង ផ្ទះបងប្អូន ។ ចំពោះស្បៀងអាហារ សម្ភារៈមួយចំនួន ក៏ត្រូវបានរដ្ឋបាលខេត្ត ត្រៀមបម្រុងទុកក្នុងការផ្គត់ផ្គង់ ដល់បងប្អូនភៀសសឹក ដែលមិនអាចទៅកាន់ភូមិឋានរបស់ខ្លួនបាន ដោយរងចាំអាជ្ញាធរមូលដ្ឋានអនុញ្ញាត ក្រោយពេលក្រុមការងារ បោសសម្អាតយុទ្ធភ័ន្តមិនទាន់ផ្ទុះ បោសសម្អាតរួច ទើបអនុញ្ញាតឲ្យពួកគាត់ ចូលទៅកាន់ផ្ទះសម្បែងខ្លួនវិញ ។ ឯកឧត្តមក៏បានធ្វើការថ្លែងអំណរគុណ ដល់ឯកឧត្តមរដ្ឋមន្ត្រី និង ក្រុមប្រតិភូ ពីទឹកចិត្តក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ។ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានទទួលអំណោយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ ជាថវិកា១០លានរៀលផងដែរ ។ ក្នុងនោះដែរក្រុមការងារសាលាខេត្តសៀមរាប គឺនៅតែបន្តទទួលអំណោយរបស់បងប្អូនសប្បុរសជន ជិត ឆ្ងាយ មិនថាថ្ងៃឈប់សម្រាក់នោះឡើយ ៕