(ខេត្តឧត្តរមានជ័យ)៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សថ្នាក់កណ្តាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវ
បណ្ឌិត តាមរយៈ យុវជនគណបក្សថ្នាក់កណ្តាល ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ជូនដល់កងកម្លាំងជួរមុខដែលឈរជើងការពារទឹកដី ប្រចាំទិសខេត្តឧត្តរមានជ័យ។
នាឱកាសនេះដែរ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានជួយអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹកទៅតំបន់មានសុវត្ថិភាពនិងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាដល់ការផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ការស្នាក់នៅជាបណ្តោះអាសន្ន។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគ និងសម្ភារប្រើប្រាស់ តាមរយៈយុវជនគណបក្សថ្នាក់កណ្តាល ដែលជាគុណប្រយោជន៍ដ៏ថ្លៃថ្លាជូនដល់កងកម្លាំងជួរមុខ ដែលឈរជើងការពារទឹកដី ប្រចាំទិសខេត្តឧត្តរមានជ័យ។
អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កងកម្លាំងជួរមុខ រួមមាន៖ ថវិកា ៦០លានរៀល, អង្ករ, នំ, អំបុក, ត្រីខ, មីកញ្ចប់, សាច់ផាត់, ប្រេងឆា, ចេកឆាប, ផ្អកត្រីប្រៃ, គ្រាប់ជី, កាហ្វេកញ្ចប់, បារី, ធូបមូស, សាប៊ូលាងចាន, ទឹកភេសជ្ជៈ, និងទឹកសុទ្ធ។
ជាចុងក្រោយក្នុងឱកាសសួស្តីឆ្នាំសកល ២០២៦ នេះ ឯកឧត្តមបានជូនពរឱ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្រ្តីរាជការ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសវីរកងទ័ពជួរមុខ សូមមានសុខសុវត្ថិភាព និងឈ្នះអស់មារសត្រូវទាំងឡាយ៕ភ្នំដងរ៉ែក





































