កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម បានអះអាងថា ក្រុងកំពង់ចាមនឹងស្អាតដូចទីក្រុងថ្មីក្នុងខែ៣ ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ បន្ទាប់ពីកំណាត់ផ្លូវសំខាន់ៗ ចំនួន៩៣ខ្សែ ត្រូវបានជួសជុលរួចរាល់ជាស្ថាពរ ថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើក
ទិសដៅឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែមករានេះ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ក្រោយពីការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ កំណាត់ផ្លូវសំខាន់ៗ ក្នុងក្រុងកំពង់ចាម ប្រមាណជា ៨៨គីឡូម៉ែត្រ ស្មើនឹងចំនួនផ្លូវ ៩៣ខ្សែ រួមទាំងការពង្រីកកំណាត់ផ្លូវជាតិលេខ៧ ត្រូវបានជុំរុញទាំងការស្ថាបនា ការបាញ់ទឹកលាងសម្អាត និងគូសគំនូសស្លាកសញ្ញាចរាចរណ៍ថ្មី ធ្វើយ៉ាងណាឱ្យបានរួចរាល់ នៅក្នុងខែមិនា ឆ្នាំ២០២៦ខាងមុខនេះ ហើយក៏ដល់ពេលវេលាដែលត្រូវត្រៀមរៀបចំពិធី អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតែម្តង ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តការចុះធ្វើវេទិកាសាធារណៈ ជាពិសេស បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កិច្ចការអភិវឌ្ឍន៍ ការងារផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលផងដែរ ៕





































