ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋាន  និងសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំសាមគ្គី

0

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាឃុំសាមគ្គី បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិទាំង៥ទូទាំងឃុំ ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ដាលុច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន និងជាប្រធានយុវជនគណបក្សចុះមូលដ្ឋាន ស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ ដែលមានសមាសភាពចូលរួមប្រមាណ១.៥០០ នាក់។

ឯកឧត្តម ទ្រី ដាលុច បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ជូនដល់សមាជិក-សមាជិកាគ្រប់ៗគ្នា។ ថ្លែងក្នុងពិធីនេះដែរ ឯឧត្តម ទ្រី ដាលុច បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុនេះហើយ។ ស្របពេលគ្នានេះដែរ សូមក្រុមមការងារគណបក្សចុះមូលដ្ឋានឃុំ ហើយក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៥រូប ត្រូវខិតខំឱ្យអស់ពីសមត្ថភាពក្នុងការធ្វើសកម្មភាពក្នុងភូមិខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីបានដឹងពីសុខទុក្ខ និងតម្រូវការរបស់ប្រជាជនក្នុងមូលដ្ឋាន ជាពិសេសគឺសតិអារម្មណ៍របស់ពួកគាត់ចំពោះគណបក្សប្រជាជនកម្ពុជា ចៀសវាងការចុះធ្វើសកម្មភាពតែមុនពេលបោះឆ្នោត។ បន្ថែមលើនេះទៀត ឯកឧត្តម ក៏បានសំណូមពរដល់អាជ្ញាធរផងដែរ គឺធ្វើយ៉ាងណាត្រូវផ្ដល់សេវាសាធារណៈឱ្យបានល្អ ត្រឹមត្រូវតាមច្បាប់ ទាន់ពេលវេលា និងមិនរើសអើងនិន្នាការគណបក្សឡើយ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បាននាំយកនូវអំណោយជាថវិកាមួយចំនួនរបស់ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង មកប្រគល់ជូនគណបក្សប្រជាជនកម្ពុជាស្រុក សាលាឃុំ ប៉ុស្ដិ៍រដ្ឋបាល សមាជិក-សមាជិកា សាលាបឋម និងអនុវិទ្យាល័យ (៤សាលា) ព្រមទាំងសិស្សានុសិស្សក្រីក្រចំនួន២០នាក់ ក្នុង១នាក់ទទួលបានកង់១ឡ្រឿង សៀវភៅ៥ក្បាល ប៊ិច២ដើម និងថវិកា២០.០០០ រៀល ដែលចំណាយសរុបអស់ថវិកាប្រមាណ១៤០លានរៀលផងដែរ៕