កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់អាជ្ញាធរ ពាក់ព័ន្ធ ត្រូវរួមគ្នាបន្តខិតខំលើកកម្ពស់ កែលម្អសកម្មភាពអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ ដូចជាស្ត្រី កុមារ មនុស្សចាស់ ជនក្រីក្រ និងជនមានពិការភាព នៅមូលដ្ឋាន
របស់ខ្លួន។ ថ្លែងបែបនេះក្នុងឱកាសបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ខ្លួត ផន ប្រ ធានក្រុមប្រឹក្សាខេត្ត ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យបន្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សំដៅកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីគ្រោះមហន្តរាយ និងបន្តលើកទឹកចិត្តការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធ តុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការ អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និង ឈានទៅបង្កើនល្បឿននៃការកាត់បន្ថយ ភាពក្រីក្រ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យបន្តពង្រឹងភាពជាម្ចាស់លើការអនុវត្តគម្រោង មូលនិធិឃុំ-សង្កាត់ ដោយត្រូវយកចិត្តទុកដាក់ កុំឱ្យប្រាសចាក និងខុសពីនីតិវិធី ដើម្បីធានាបាននូវ សង្គតិភាពក្នុងការអនុវត្តគោលការណ៍ បែបបទ និងនីតិវិធីនានា សំដៅលើកកម្ពស់ការគ្រប់គ្រង គម្រោងខេត្ត គម្រោងក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលប្រើប្រាស់ថវិកាគុណប្រយោជន៍ ប្រកបដោយ ភាពរលូន តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពផងដែរ ៕





































