(កំពង់ធំ)៖ លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍និងក្រុមការងារបានចុះពិនិត្យសកម្មភាពក្រុមគ្រឿងចក្ររបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ប្រចាំខេត្តកំពង់ធំបានជួសជុលផ្លូវលំប្រវែង ១៣ គីឡូម៉ែត្រ នៅភូមិចតុលោក ១០ គីឡូម៉ែត្រ និងភូមិស្វាយ ៣ គីឡូម៉ែត្រ ឋិតនៅក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំថ្ងៃទី ២៨ ខែ មករាឆ្នាំ ២០២៦។
លោកបញ្ជាក់ថាក្រោមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋ មន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលខេត្តកំពង់ធំ ក្រុមគ្រឿងចក្ររបស់សម្តេចធិបតីប្រចាំខេត្តកំពង់ធំ ដែលរៀបចំដោយឯកឧត្តម វង្សី វិស្សុត ឧបនាយក រដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានមកធ្វើការជួសជុលផ្លូវលំក្នុងស្រុកបារាយណ៍ខេត្តកំពង់ធំដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរនិងដឹកជញ្ជូនកសិផលផងដែរ ។
លោកបន្តទៀតថានេះជាភ័ព្វព្រេងសំណាងមួយដែលសម្ដេចក៏ដូចជាថ្នាក់ដឹកនាំខេត្តតែងតែបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដើម្បីសម្រួលការធ្វើដំណើរនិងដឹកកសិផលរបស់បងប្អូនបានប្រសើរជាងមុនពីព្រោះថាតំបន់នេះបានរងផលប៉ះពាល់នៅរដូវវស្សាកន្លងមក។
ជាមួយគ្នានេះ ឃន ចាន់ថៃ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាផ្លូវទាំងអស់គ្នាដើម្បីប្រើប្រាស់បានយូរអង្វែង៕ K D S R





































