K D S R
កំពង់ធំ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់អនុសាសន៍ ៤ចំនុចសំខាន់ៗ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបានជាតិ ស្តីពីអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ ដើម្បីបន្តការចូលរួមផ្សព្វផ្សាយ និងអនុវត្តតាមស្ថាប័ន អង្គភាព រដ្ឋបាលមូលដ្ឋាន និងរួមទាំងអង្គការដៃគូនានាឱ្យកាន់តែទូលំទូលាយបន្ថែម ដូច
ខាងក្រោម៖១. សូមបន្តផ្សព្វផ្សាយទៅដល់បុគ្គលិកមន្ត្រីរាជការ នៅតាម ស្ថាប័នអង្គភាព សាមី រៀងៗខ្លួនទៅតាមគ្រប់រូបភាព។២. ដាក់បញ្ចូលសកម្មភាពដែលពាក់ពន្ធនានានៃគោលនយោបាយនេះ ទៅ ក្នុងផែនការអភិវឌ្ឍ និងផែនការវិនិយោគរបស់ស្ថាប័ន អង្គភាពសាមី ដើម្បីធានាបានក្នុងការអនុវត្ត។៣. បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន, អង្គភាព, អង្គការដៃគូ អភិវឌ្ឍន៍, ផ្នែកឯកជន និងសប្បុរសជននានា ដើម្បីគៀរគរធនធាន និង ជំរុញការចូលរួមអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ។
៤. តាមដានត្រួតពិនិត្យវឌ្ឍនភាព និងឆ្លុះបញ្ចាំងឡើងវិញ នៃការអនុវត្ត សកម្មភាពដែលស្ថាប័ន ឬអង្គភាពនីមួយៗបានដាក់ផែនការ។ឯកឧត្តម បន្តទៀតថា ដើម្បីសម្រេចបានយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់នូវ គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ ដែលរាជរដ្ឋាភិបាលបានអនុម័ត និង ដាក់ចេញឱ្យអនុវត្តជាផ្លូវការនៅចុងឆ្នាំ២០២៥កន្លងទៅ និងស្របតាមអនុក្រឹត្យស្តីពី ការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាប័ន្ន សមធម៌ និងចីរភាព” និងកំណត់គោលដៅយ៉ាងច្បាស់លាស់ ដោយផ្តោតទៅ លើការអភិវឌ្ឍជនបទផ្អែកទៅតាមលក្ខណៈភូមិសាស្ត្រផ្សេងៗគ្នា នៃប្រទេសកម្ពុជា ដើម្បីស្រេចបានលទ្ធផលប្រកបដោយតុល្យភាព ភាពធន់ និងបរិយាប័ន្ន។
គូសបញ្ជាក់ផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទបានការកំណត់យុទ្ធសាស្រ្តគន្លឹះចំនួន៥ រួមមាន៖ទី១.អភិវឌ្ឍនិងថែទាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទប្រកបដោយភាពធន់ទី២.ផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទទាំងកម្រិតមូដ្ឋាន និង កម្រិតសុវត្ថិភាពប្រកបដោយភាពធន់និងបរិយាប័ន្នទី៣. អភិវឌ្ឍសហគមន៍ជនបទជាពិសេសជំរុញការអភិវឌ្ឍចម្រុះ និងបន្តការ អនុវត្តចលនាភូមិមួយផលិតផលមួយ និងចលនាភូមិគំរូប្រកបដោយភាពធន់ និងបរិយាប័ន្នទី៤.បង្កើនប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទប្រកបដោយចីរភាពតាមរយៈ ពិពិធកម្មមុខរបរ និង នវានុវត្តន៍ការងារទី៥.លើកកម្ពស់អភិបាលកិច្ច ឌីជីថល និងកិច្ចសហប្រតិបត្តិការ។យុទ្ធសាស្រ្តគន្លឹះខាងលើត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលយកចំណេះដឹងថ្មីៗ ដើម្បីយកទៅបណ្ដុះបណ្ដាលបន្ដ និងអនុវត្តក្នុងការការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦៕





































