ការបន្តយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពកងទ័ព ដោយបាននាំយកសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ឧបត្ថម្ភជូនវីរកងកម្លាំងប្រចាំការនៅសមរភូមិជួរមុខ

0

ឧត្តរមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់លើសុខភាព ក៏ដូចជាជីវភាពរស់នៅរបស់វីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ នេះ លោក ផុន ចាន់និល អភិបាលនៃគណៈអភិបាលក្រុងសំរោង បាននាំយកនូវសម្ភារឧបត្ថម្ភជាគ្រឿងអនាម័យ និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ផ្ដល់ជូនដល់បងប្អូនកងកម្លាំងប្រចាំការនៅតាមគោលដៅសមរភូមិជួរមុខ។

សម្ភារដែលបាននាំយកមកផ្ដល់ជូននាឱកាសនេះ រួមមាន៖ សាប៊ូដុសខ្លួន សាប៊ូកក់សក់ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ និងសម្ភារៈអនាម័យចាំបាច់ផ្សេងៗទៀត ដែលជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនកងកម្លាំង។ ការឧបត្ថម្ភនាពេលនេះ គឺជាសកម្មភាពតូចមួយ បន្ថែមពីលើគ្រឿងឧបភោគបរិភោគដែលបានផ្ដល់ជូនកន្លងមក ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងផ្ដល់ភាពកក់ក្ដៅដល់កងកម្លាំងដែលកំពុងលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ។

ក្នុងឱកាសនោះ លោកអភិបាលក្រុង ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការកោតសរសើរយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនដល់វីរកងទ័ពយើងដែលបានខិតខំប្រឹងប្រែងការពារសន្តិសុខ សណ្ដាប់ធ្នាប់ តាមបណ្ដោយព្រំដែនឱ្យមានភាពស្ងប់ស្ងាត់ និងផ្ដល់សេចក្ដីសុខសាន្តជូនប្រជាពលរដ្ឋ។

រដ្ឋបាលក្រុងសំរោង នឹងនៅតែបន្តសកម្មភាពគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងគ្រប់ប្រភេទ ដើម្បីជំរុញឱ្យវីរកងទ័ពយើងមានកម្លាំងមាំមួន និងស្មារតីមោះមុតក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ៕ដោយ៖ភ្នំដងរ៉ែក