អបអរសាទរទិវាជាតិសុខភាពមាតា ទារក និកុមារ ២១ កុម្ភៈ ២០២៦ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាលរួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្ដាយ និងទារក មានសុខភាពល្អ”

0

សៀមរាប: ដើមី្បអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៦ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្ដាយ និងទារក មានសុខភាពល្អ” និងជាការគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើមី្បសុខភាពស្ត្រី និងកុមារ។ គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូច ចំនួន៦០នាក់ នៅមណ្ឌលសុខភាព ចន្លាស់ដៃ ស្រុកក្រឡាញ់ និងនៅពន្ធនាគារខេត្តសៀមរាប ចំនួន ១២នាក់។

លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ ក៏បានពាំនាំសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ដែលមានខ្លឹមសារអំពាវនាវ ៥ចំណុច ចំពោះបង-ប្អូនរួមជាតិ ជាពិសេសបុរស និងស្ត្រីជាមាតាបិតា និងយុវវ័យគ្រប់រូបដូចតទៅ៖១. លើកកម្ពស់ការយល់ដឹងបន្ថែម និងជួយស្ត្រីតាមរយៈ៖ ផ្តល់ការណែនាំឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ ទៅទទួលការពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច៤ដង តាមពេលវេលាកំណត់ ដើម្បីទទួលបានការពិនិត្យសុខភាពទាំងម្តាយ ទាំងទារកក្នុងផ្ទៃ ទទួលបាន ការអប់រំអំពីការថែទាំខ្លួនក្នុងពេលមានផ្ទៃពោះ របបអាហារ ការពិនិត្យរកជំងឺដែលពាក់ព័ន្ធនឹងការ មានផ្ទៃពោះ ការបង្ការការចម្លងមេរោគនានាពីម្តាយទៅកូន ការទទួលថ្នាំបង្ការជំងឺតេតាណូស ជាពិសេសការយល់ដឹង និងស្គាល់អំពីសញ្ញាគ្រោះថ្នាក់ដល់សុខភាពម្តាយនិងទារកក្នុងផ្ទៃ ដូចជា ការធ្លាក់ឈាម ឈឺក្បាល ងងឹតមុខ ស្រវាំងភ្នែក។ល។
រំលឹកស្ត្រីឱ្យចេះតាមដានការលូតលាស់របស់កូន ដោយតាមដានការធ្វើចលនារបស់ទារកក្នុងផ្ទៃ (ទារកកម្រើក ឬបម្រះ) ជាប្រចាំ និងប្រញាប់ទៅមន្ទីរពេទ្យភ្លាម បើសិនជាសង្ស័យថាមានសញ្ញា គ្រោះថ្នាក់ណាមួយ។
រំលឹកស្ត្រីមានផ្ទៃពោះ កុំឱ្យធ្វើការធ្ងន់ ព្យាយាមនៅកន្លែងដែលមានខ្យល់អាកាសល្អ មិនក្តៅខ្លាំង និងស្ត្រីត្រូវសម្រាកឱ្យបានច្រើន និងជាពិសេសមិនត្រូវប្រើថ្នាំផ្តេសផ្តាសគ្មានវេជ្ជបញ្ជា មិនត្រូវជក់បារី ឬប្រើគ្រឿងស្រវឹង គ្រឿងញៀន។
២. សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ មូលដ្ឋានសហគមន៍ ជួយសហការរៀបចំ ស្វែងរកជំនួយ ជួយដល់ស្ត្រី ដែលត្រូវទៅសម្រាល៖-ដោះស្រាយមធ្យោបាយធ្វើដំណើរ ឬរថយន្តគិលានសង្គ្រោះ ដើម្បីបញ្ជូនស្ត្រីទៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ក្នុងពេលស្ត្រីជួបបញ្ហា ឬមានសញ្ញាគ្រោះថ្នាក់ណាមួយ។
ក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ សូមជួយស្ត្រីមានផ្ទៃពោះឱ្យទទួលបានសេវា ពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅតាមមណ្ឌលសុវត្ថិភាពដែលបានរៀបចំផ្តល់ជូនដោយមន្ទីរ សុខាភិបាល/ក្រសួងសុខាភិបាល។
៣. សូមថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ បន្តនូវកាតព្វកិច្ចដ៏ឧត្តុង្គឧត្តម បម្រើសេវាជូន ប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពថែមទៀត។
៤. សូមមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមតាមសាខា/អនុសាខា និងក្រុមការងារឥស្សរជនឆ្នើម ថ្នាក់ជាតិ ថ្នាក់កណ្តាល និងថ្នាក់សាខា ចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រី/បុគ្គលិកសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការជួយអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសារសុខភាពសំខាន់ៗ ដើម្បី ជាប្រយោជន៍ដល់ពលរដ្ឋគ្រប់រូប ជាពិសេសមាតា និងទារកនៅកម្ពុជា។
៥. សូមស្ថាប័នជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការសង្គមស៊ីវិល វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍ បន្តជួយគាំទ្រ ទាំងបច្ចេកទេស និងថវិកាដល់ការគាំពារសុខភាពមាតា ទារក និង កុមារ ដែលជាគោលបំណងរួមរបស់យើងទាំងអស់គ្នា។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា តែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋជាស្ត្រីដែលជាមាតា ទារក និងកុមារ គ្រប់រូប។ លោកជំទាវបន្តថា ក្នុងនាមជាស្ត្រី និងមាតាម្នាក់ ដែលនោះនាងខ្ញុំមានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ចំពោះស្មារតីទទួលខុសត្រូវរបស់មាតាគ្រប់រូប ក្នុងការចិញ្ចឹម និងថែទាំកូនតាំងពី ទារក រហូតដល់ពេញវ័យ ដោយមិនមានពោលពាក្យនឿយហត់បន្តិចសោះឡើយ ដែលនេះ បង្ហាញឱ្យឃើញពីព្រហ្មវិហារធម៌ របស់មាតារួមទាំងបិតាផងដែរ ចំពោះបុត្រធីតាគ្រប់រូប។ ដូចយើងបានដឹងហើយថា បច្ចុប្បន្ននេះទោះបីអត្រាមរណៈភាពរបស់មាតា និងទារកបានថយចុះក៏ដោយ ប៉ុន្តែសុខភាពមាតា ទារក និងកុមារនៅតែជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលទាមទារឱ្យមាតា គ្រប់រូបយកចិត្តទុក្ខដាក់បន្ថែមទៀត ទៅលើការថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗរបស់យើង។ ទាំងអស់នេះអ្នកម្តាយគ្រប់រូបត្រូវស្វែងរកការផ្តល់ប្រឹក្សាពីមន្ត្រីសុខាភិបាល អ្នកគ្រូពេទ្យឆ្មប ដែលបម្រើការនៅមណ្ឌលសុខភាពជិតផ្ទះរបស់យើងដូចជា ពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ការបំបៅដោះកូនដោយទឹកដោះម្ដាយ ការតាមដានភាពលូតលាស់ នៃទារក ការចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ ការលេបថ្នាំជាតិដែក និងការប្រើប្រាស់អាហាររូបត្ថម្ភជាដើម។ យ៉ាងណាមិញលោកជំទាវ សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតចំពោះស្រ្តីដែលជាមាតាទារក និងស្រ្តីមានផ្ទៃពោះ និងសំណូមពរដល់ស្រ្តីមានផ្ទៃពោះ និងជាមាតាទរកទាំងអស់ទោះនៅទីណាក៏ដោយកុំភ្លេចអភិវឌ្ឍន៍ខ្លួន អភិវឌ្ឍន៍ការគិត ការគិតវិជ្ជមាន ការគិតនូវអ្វីដែលល្អៗ ដើម្បីខ្លួនឯង កូនរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។

ជាចុងបញ្ចប់ លោកជំទាវ បានថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះអាជ្ញាធរមូលដ្ឋាន មន្រ្តីអនុរក្សពន្ធនាគារ ដែលតែងតែសម្របសម្រួល និងយកចិត្តទុក្ខដាក់ចំពោះស្រី្តជាមាតាទារក និងស្រ្តីមានផ្ទៃពោះ និងសូមជូនពរដល់ប្រតិភូ សហការី និងស្រ្តីជាមាតាទារក ស្រ្តីមានផ្ទៃពោះទាំងអស់ឱ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចទាំអស់។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនបងប្អូនស្ត្រីកូនតូច និងស្រ្តីមានផ្ទៃពោះក្នុងមួយនាក់ទទួលបាន៖ សម្ភារទារក ១កញ្ចប់(ខោអាវទារក ១កំប្លេ, ស្រោមជើងទារក ១គូ, មួក ១), កន្សែងពោះគោធំ ១, សំឡីអនាម័យស្រ្តី ២ដុំ, ម្សៅទឹកដោះគោ ២កំប៉ុង, ដប់ទឹកដោះគោ ២ដប, ខោទឹកនោម ៨០ខោ, សារុង ១, ទឹកត្រី ១យួរ, មី ១កេស, អង្ករ ២៥គីឡូក្រាម, និងថវិកាមួយចំនួន៕