កំពង់ធំ÷ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារលើកកម្ពស់ប្រជាជន និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ នៃរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវអភិបាលរងខេត្ត មន្រ្តីសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី លោកអភិបាល-អភិបាលរងក្រុង/ស្រុកទាំង៩ លោកមេឃុំ ក្រុមការងារគម្រោងក្រុង/ស្រុក និងសហគមន៍ជាច្រើនរូប បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានលើកឡើងពីគម្រោងវារីវណ្ណកម្មនៅស្រុកស្ទោងចំនួន៣.០០០ហិចតាឱ្យវិស័យកសិកម្មមានការរីកចម្រើន ដើម្បីឱ្យសហគមន៍នៅក្នុងមូលដ្ឋានមានភាពរឹងមាំត្រូវចុះអនុវត្តផ្ទាល់ ស្នើឱ្យតាមសហគមន៍នីមួយៗត្រូវតែរៀបចំការចិញ្ចឹមត្រីគ្រប់ប្រភេទ នៅពេលរដូវទឹកសម្រកត្រូវតែដាំដំណាំចម្រុះគ្រប់ប្រភេទ ដែលមិនប្រើសារធាតុគីមី ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយកទៅបរិភោគមានសុខភាពល្អ ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ នាពេលនៅខាងមុខនេះក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រដ្ឋបាលខេត្តកំពង់ធំ និងរៀបចំស្តង់ជូនដល់សហគមន៍កសិកម្ម ដើម្បីយកបន្លែមានសុវត្ថិភាពដែលគ្មានសារធាតុជាតិគីមី មកដាក់តាំងពិព័រណ៍ ដើម្បីបង្ហាញភូមិមួយផលិតផលមួយក្នុងក្រុង/ស្រុករបស់ខ្លួន។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ប៉ែន ធីរុង្គ បានគូសបញ្ជាក់ថា ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជន ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចលេខ ១១ សសរ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។ ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនបានចុះផ្ទាល់ទៅកាន់ក្រុង/ស្រុកទាំង៩ នៃខេត្តកំពង់ធំ និងបានរៀបចំសិក្ខាសាលា សរុបចំនួន៦លើក ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ ដោយពិភាក្សាស្វែងយល់ ស៊ីជម្រៅអំពីស្ថានភាពសង្គម សេដ្ឋកិច្ច សក្តានុពលអភិវឌ្ឍនៅតាមមូលដ្ឋាន ក៏ដូចជាការកំណត់បញ្ហាប្រឈម សំណូមពរ និងតម្រូវការជាក់ស្តែង ដើម្បីឈានទៅរៀបចំ គម្រោងលើកកម្ពស់ ជីវភាពប្រជាជនខេត្តកំពង់ធំ ។ ជាក់ស្តែងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារលើកកម្ពស់ប្រជាជន បានលើកឡើងបន្ថែមទៀតថា កិច្ចប្រជុំផ្សព្វផ្សាយស្តីពីគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ និងទិសដៅការងារឆ្នាំ ២០២៦ របស់ក្រុមការងារលើកកម្ពស់ជីវភាពប្រជាជននាថ្ងៃនេះ នឹងមានបទបង្ហាញស្តីពី “គម្រោងលើកកម្ពស់ជីវភាពប្រជាជន ខេត្តកំពង់ធំ” ក្នុងគោលបំណងលើកឡើងអំពី សាវតាគម្រោង វឌ្ឍនភាពនៃការអនុវត្តគម្រោង ផែនការអនុវត្តគម្រោងក្នុងឆ្នាំ២០២៦ បញ្ហាប្រឈម សំណើរ/សំណូមពរ និងទិសដៅការងារបន្ត។ សូមលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់លើបទបង្ហាញ ដើម្បីជ្រាបជារបាយការណ៍ និងលើកជាសំណួរនូវរាល់ចម្ងល់នានា ដើម្បីឱ្យយល់ដឹងកាន់តែច្បាស់លាស់អំពីគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ក្នុងគោលដៅរួមចំណែកបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន/សហគមន៍ កាត់បន្ថយការធ្វើចំណាកស្រុក កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន។ អត្ថបទលោក ធូ កែវមុន្នី






































