ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន
និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនក្រុមគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ប៊ូ គឿន អតីតយុទ្ធជនពិការ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិនាពេលកន្លងទៅ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ឧត្តមសេនីយ៍ទោ ប៊ូ គឿន ជាអតីតយុទ្ធមិត្តដែលធ្លាប់រួមប្រយុទ្ធនិងរួមការងារក្នុងសម័យសង្គ្រាមស៊ីវិល ក្នុងទសវត្សរ៍ ១៩៧០ -ដល់ទសវត្សរ៍ ១៩៩០ នៅអង្គភាពយោធាខេត្តកំពង់ធំ ។ ក្រោយមកនៅឆ្នាំ ១៩៩៧ លោកបានផ្ទេរភារកិច្ច ពីរអង្គភាពយោធាខេត្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ និងចុងក្រោយបានផ្ទេរភារកិច្ចទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ រហូតដល់ធ្លាក់ខ្លួនពិការ និងមានជំងឺប្រចាំកាយ ហើយបានទទួលមរណភាព ក្នុងជន្មាយុ ៦៦ ឆ្នាំ នៅវេលាម៉ោង ១១ និង៥៣ នាទីព្រឹក ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៦ ម្សិលមិញនេះនៅមន្ទីរពេទ្យរាជធានីក្រុងភ្នំពេញ ។
លោកវរសេនីយ៍ទោ កែវ សុធា នាយការិយាល័យទី៥ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឡើងអានសាររំលែកទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនចំពោះក្រុមគ្រួសារសព និងអានវិយោគថាដោយបានគូសបញ្ជាក់ថា៖ លោកឧត្តមសេនីយ៍ទោ ប៊ូ គឿន ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ ១៩៧៩ ជាកូនកសិករក្រីក្រ មានបងប្អូនប្រុសស្រីចំនួន ៣ នាក់ រស់នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ លោកធ្លាប់បានចូលរួមប្រយុទ្ធជាច្រើនសមរភូមិក្នុងសម័យសង្គ្រាមស៊ីវិល ដើម្បីការពារ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នឹងបានចូលរួមអនុវត្តនូវនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ ១៩៩៨ ដែលនាំមកនៅសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ សោម ស៊ុន និងសហការី បានគោរពវិញ្ញាណក្ខន្ធ និងបានសូមបួងសួង សូមឲ្យវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ទោ ប៊ូ គឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ហើយនិងបាននាំយកនូវថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនក្រុមគ្រួសារសព ដើម្បីរៀបចំពិធីបុណ្យសពផងដែរ៕
![]()
![]()
![]()
![]()
![]()
![]()






































