សម្ពោធជាផ្លូវការអគារតាំងបង្ហាញថ្មី ត្រាក់ទ័រ ចនឌារ ខេត្តបន្ទាយមានជ័យ ក្រុងសិរីសោភ័ណ

0

បន្ទាយមានជ័យក្:រុមហ៊ុន CMG Prime Machinery ដែលត្រូវបានតែងតាំងជាតំណាងចែកចាយបន្តដោយក្រុមហ៊ុន អ អិម អេ (ខេមបូឌារ) ម.ក សម្រាប់ផលិតផលម៉ាក ចនឌារ (John Deere) បានប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ អគារតាំងបង្ហាញថ្មី ត្រាក់ទ័រ ចនឌារ ប្រចាំខេត្តបន្ទាយមានជ័យ ស្ថិតនៅក្រុងសិរីសោភ័ណនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ រស់ សុផានី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា និងលោក ឌី ចាន់លាភម៉េង អគ្គនាយកក្រុមហ៊ុន CMG Prime Machinery ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង មន្ទីរ/ស្ថាប័ន អាជ្ញាធរមូលដ្ឋាន ដៃគូអាជីវកម្ម អតិថិជន និងអ្នកសារព័ត៌មាន សរុបប្រមាណ ៤៥០ នាក់។

លោក ឌី ចាន់លាភម៉េង អគ្គនាយកក្រុមហ៊ុន CMG Prime Machinery បានអោយដឹងថា៖ ជំហានថ្មីក្នុងការពង្រីកសេវាកម្មកសិកម្មទំនើប ការបើកដំណើរការអគារតាំងបង្ហាញថ្មីនេះ គឺជាជំហានសំខាន់មួយក្នុងការពង្រីកបណ្តាញសេវាកម្ម និងលើកកម្ពស់ការចូលដំណើរការគ្រឿងយន្តកសិកម្មគុណភាពខ្ពស់ សម្រាប់ប្រជាកសិករនៅភាគពាយ័ព្យប្រទេស។ ខេត្តបន្ទាយមានជ័យ ជាខេត្តមានសក្ដានុពលខ្ពស់ផ្នែកកសិកម្ម និងពាណិជ្ជកម្ម ដែលត្រូវការបច្ចេកវិទ្យា និងគ្រឿងចក្រដែលអាចជួយបង្កើនផលិតភាព និងកាត់បន្ថយចំណាយប្រតិបត្តិការ។
អគារថ្មីនេះ មានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ៦A ភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលមានទីធ្លាធំទូលាយ ងាយស្រួលចូលចត និងសាកល្បងប្រើប្រាស់ផលិតផល។
សេវាកម្មពេញលេញ តាមស្តង់ដារអន្តរជាតិ
ទីតាំងថ្មីរួមមាន៖
– អគារតាំងបង្ហាញត្រាក់ទ័រ និងឧបករណ៍បំពាក់កសិកម្ម
– ឃ្លាំងស្តុកគ្រឿងបន្លាស់សុទ្ធ
– រោងជាងជួសជុល និងសេវាកម្មបច្ចេកទេស
– ក្រុមជាងចល័តសម្រាប់សេវាកម្មដល់ទីតាំងអតិថិជន

អគារនេះត្រូវបានសាងសង់ និងបំពាក់ឧបករណ៍ស្របតាមស្តង់ដារបច្ចេកទេសដែលទទួលស្គាល់ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា និងJohn Deere ដើម្បីធានាថា អតិថិជននៅខេត្តបន្ទាយមានជ័យ ទទួលបានបទពិសោធន៍ និងគុណភាពសេវាកម្មដូចគ្នានឹងបណ្តាសាខាផ្សេងៗទូទាំងប្រទេស។
បណ្តាញសេវាកម្មទូទាំងប្រទេស បច្ចុប្បន្ន ផលិតផល និងសេវាកម្មត្រាក់ទ័រ ចនឌារ មានវត្តមាននៅ ៦ ទីតាំងធំៗ រួមមាន ក្រុងភ្នំពេញ តាកែវ កំពង់ធំ ពោធិ៍សាត់ ត្បូងឃ្មុំ និងបន្ទាយមានជ័យ ព្រមទាំងមានបណ្តាញដៃគូជួសជុល និងផ្គត់ផ្គង់គ្រឿងបន្លាស់នៅតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេស ដើម្បីធានាការឆ្លើយតបលឿនរហ័ស និងទុកចិត្តបានសម្រាប់អតិថិជន។
អំពីក្រុមហ៊ុន CMG Prime Machinery CMG Prime Machinery គឺជាក្រុមហ៊ុនបង្កើតឡើងដោយវិនិយោគិនខ្មែរ ១០០% មានបទពិសោធន៍ក្នុងវិស័យកសិកម្ម ជាពិសេសការចែកចាយថ្នាំ និងជីកសិកម្ម។ ក្នុងនាមជាតំណាងចែកចាយបន្តផ្លូវការរបស់ ក្រុមហ៊ុនអ អិម អេ ខេមបូឌា នៅខេត្តបន្ទាយមានជ័យ ក្រុមហ៊ុនមានបេសកកម្មផ្តល់ដំណោះស្រាយគ្រឿងយន្តកសិកម្មទំនើប ដែលអាចជួយកសិករកាត់បន្ថយពេលវេលា កម្លាំងពលកម្ម និងបង្កើនផលចំណេញក្នុងរយៈពេលវែង។ ក្រៅពីត្រាក់ទ័រ ក្រុមហ៊ុនក៏មានគម្រោងនាំចូលឧបករណ៍បំពាក់ពហុមុខងារ និងបច្ចេកវិទ្យាកសិកម្មថ្មីៗ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរទៅកាន់កសិកម្មទំនើប និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
អំពី ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី គឺជាក្រុមហ៊ុនធំជាងគេមួយក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវម៉ាកល្បីៗលំដាប់ពិភពលោកជាច្រើន។ ចាប់តាំងពីចូលទីផ្សារកម្ពុជាក្នុងឆ្នាំ 1992 ក្នុងយៈពេល 34 ឆ្នាំមកនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក បានឈានមុខគេលើការផ្គត់ផ្គង់ និងចែកចាយផលិតផល សេវាកម្មដ៏ទូលំទូលាយ នៅក្នុងវិស័យយានយន្ត  គ្រឿងយន្តកសិកម្ម  សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន  ដំណោះស្រាយឃ្លាំងទំនិញ សេវាកម្មជួលរថយន្ត គ្រឿងចក្រ សេវាកម្មហិរញ្ញវត្ថុ  យីហោម្ហូបអាហារ  សណ្ឋាគារ ភោជនីយដ្ឋាន វិស្វកម្មអគ្គិសនី  និងសេវាកម្មសន្តិសុខ អនាម័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់  សហគ្រាសពាណិជ្ជកម្ម ក៏ដូចជារដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលជាដើម។

ចនឌារ ជាផ្នែកគ្រឿងយន្តកសិកម្មរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលផ្គត់ផ្គង់គ្រឿងយន្តកសិកម្មយីហោម៉ាក ចនឌារ ជាផលិតផលរបស់សហរដ្ឋអាមេរិក និងជាម៉ាកសញ្ញាពេញនិយមប្រើប្រាស់លេខ១ទូទាំងសកលលោក ក្នុងវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការការងារកសិកម្ម ទាំងខ្នាតតូច មធ្យម និងកសិ-ឧស្សាហកម្មធំៗ ដោយផ្តោតសំខាន់លើគុណភាពផលិតផល និងសេវាកម្មល្អដាច់គេជូនបងប្អូនប្រជាកសិករខ្មែរ ។ ផលិតផលចនឌារ នៅស្រុកខ្មែរ ៖
ខ្នាតតូច (28–36 សេះ) សមស្របសម្រាប់ការងារស្រាលៗ ដូចជាការថែទាំដំណាំ ការងារស្រែចំការលក្ខណៈគ្រួសារ និងការដឹកជញ្ជូនស្រាលៗ។
ចនឌារខ្នាតមធ្យម មានកម្លាំងចាប់ពី 50សេះ ដល់90សេះ  ជាប្រភេទត្រាក់ទ័រផ្តល់ជម្រើសការងារច្រើនមុខដល់ប្រជាកសិករ ក្នុងការងារភ្ជួរាស់ វាយអង្គប់ ឈូសឆាយ ឬអូសសណ្តោង  សមស្របសម្រាប់ជម្រើសការងារដំណាំស្រែចំការគ្រប់ប្រភេទ ទាំងការងារលក្ខណៈគ្រួសារ និងការងាររកស៊ីបន្ថែម។

ចនឌារខ្នាតធំ មានកម្លាំងចាប់ពី 95សេះ ដល់ 410សេះ ជាត្រាក់ទ័រមានកម្លាំងសេះធំ ផ្តល់នូវកម្លាំងខ្លាំង រហ័សសម្រាប់ការងារនៅតំបន់ដីចំការធំៗ ដូចជាការរៀបចំដីថ្មី ការរុញពង្រាបដី និងការដាំដុះដំណាំខ្នាតធំ ឬដំណាំកសិ-ឧហ្សាហកម្មជាដើម។

លោកជំទាវ រស់ សុផានី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល បានកើតឡើងស្របតាមតម្រូវការប្រជាជនក្នុងខេត្តព្រំដែន។

លោកជំទាវ រស់ សុផានី សង្ឃឹមជឿជាក់ថា ចនឌារ និងបំពេញនូវបំនងប្រាថ្នា និងតម្រូវការចាំបាច់ ពុះពាគ្រប់ឧបស័គ្គក្នុងវិស័យកសិកម្ម បំរើប្រយោជន៍ជូនពលរដ្ឋដើម្បីបង្កើនសេដ្ឋិច្ចគ្រួសារបន្ថែមទៀត៕ដោយ៖ឃិន គន្ធា