កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពរស់នៅ និងការដាំដុះដំណាំតាមចម្ការ រួមមាន៖ ដំឡូង ស្វាយចន្ទី និងដំណាំផ្សេងៗទៀតរបស់ប្រជាកសិករ នៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីពិនិត្យជាក់ស្តែង និងសាកសួរពីតម្លៃ ក៏ដូចជាបញ្ហាកង្វល់ផ្សេងៗ
ដើម្បីអាជ្ញាធរត្រៀមជួយឱ្យបានទាន់ពេលវេលា។
នាឱកាសនោះបន្ទាប់ពីការសាកសួរសុខទុក្ខ និងសួរនាំពីស្ថានភាពរស់នៅផ្សេងៗរបស់ប្រជាកសិករ ប្រកបដោយភាពកក់ក្តៅ និងក្តីសប្បាយរីករាយប្រកបដោយស្នាមញញឹមជាមួយគ្នា រវាងអាជ្ញាធរ និងប្រជាពលរដ្ឋហើយនោះ លោក ហាក់ ម៉ុងហួត ក៏បានចាត់ទុកការដាំដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ គឺជាផ្នែកមួយដ៏សំខាន់របស់កសិករ ដែលអាចរកប្រាក់ចំណូល និងផ្គត់ផ្គង់ជីវភាពរបស់នៅប្រចាំថ្ងៃផងដែរ។
បន្ថែមពីនេះ លោកអភិបាលស្រុកតាំងគោក ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះ ដើម្បីតម្រូវការទីផ្សារ និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុន។ ជាក់ស្ដែងប្រជាកសិករភាគច្រើន ប្រកបមុខរបរកសិកម្ម ដោយហេតុថា ប្រភេទដីនៅតំបន់នោះ មានអំណោយផលលើដំណាំកសិកម្មគ្រប់ប្រភេទ ការនាំចេញទៅខេត្តផ្សេងៗ ក៏ងាយស្រួលផងដែរ ដោយសារមានផ្លូវប្រកបដោយសុវត្ថិភាពក្នុងការដឹកជញ្ជូន តាំងពីចម្ការ រហូតដល់ផ្លូវធំ ក្នុងស្រុកទាំងមូល។
ទន្ទឹមនេះដែរ លោកអភិបាលស្រុក ក៏បានណែនាំដល់អាជ្ញាធរឃុំ ចុះសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងទៅលើដំណាំ គ្រប់ប្រភេទ ត្រូវផ្ដល់នូវដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។
សូមបញ្ជាក់ថា កសិករមានក្ដីរំភើប និងរីករាយក្រោយដំណាំដាំដុះ បានទទួលទិន្នផលច្រើន ហើយមានថ្នាក់ដឹកនាំស្រុក ចុះសួរសុខទុក្ខ រហូតដល់ចម្ការ និងបានអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានជួយពួកគាត់នាពេលកន្លងមក៕






































