ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកថវិកាមូលនិធិយោធិនពលី មរណៈ ចំនួន ២០,០០០,០០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារវីរយុទ្ធជនចំនួន ២រូប របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការ
ការពារបូរណភាពទឹកដីដោយសង្គ្រាមឈ្លានពានពីពួកទាហានសៀម នៅតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅតំបន់អានសេះ ខេត្តព្រះវិហារ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋាននៃគ្រួសារសពនីមួយៗគឺ: ទី១ គេហដ្ឋាននៃសព លោកវរសេនីយ៍ត្រី ឈាន ធាងលី នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន និងទី២ គេហដ្ឋាននៃសពលោកវរសេនីយ៍ឯក ឈួន គឹមណាន នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមគ្រួសារសព ដោយបានថ្លែងនូវការដឹងគុណជានិច្ចចំពោះវីរភាពដ៏អង់អាចខ្លាហានដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដី និងសោកស្ដាយស្រណោះអាឡោះអាល័យជាពន់ពេក ចំពោះការបាត់បង់យុទ្ធមិត្ត ដែលធ្លាប់រួមអាវុធ និងរួមការងារជាមួយគ្នា អស់រយៈពេលជាង ៣ទសវត្សរ៍កន្លងមកហើយ នឹងបានដុតធូបគោរពវិញ្ញាណក្ខន្ធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកទាំងពីរ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ហើយនៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ថវិកាមូលនិធិយោធិនពលី មរណៈ ជូនដល់ក្រុមគ្រួសារសព ទាំងពីរគ្រួសារ ដោយក្នុងមួយសព ទទួលបានថវិកា ចំនួន ១០លានរៀល ដើម្បីចាត់ចែងប្រើប្រាស់តាមតម្រូវការចាំបាច់ផ្សេងៗ ក្នុងជីវភាពប្រចាំថ្ងៃ ។
ក្រុមគ្រួសារសពទាំងពីរគ្រួសារ បានថ្លែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកន្លងមកបានចាត់ចែងរៀបចំពិធីបុណ្យសព ជូនស្វាមីរបស់គាត់បានយ៉ាងល្អប្រសើរ សាក់សមជាវីរយុទ្ធជន ក្នុងការការពារបូរណភាពទឹកដី។ ជាមួយនោះដែរ ក៏បានឧបត្ថម្ភថវិកាគោលនយោបាយផ្សេងៗ ជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្តនិងជួយដោះស្រាយជីវភាពក្រុមគ្រួសាររបស់គាត់បានយ៉ាងល្អប្រសើរ៕






































