រដ្ឋមន្រ្តីក្រសួងសុខាភិបាលណែនាំដល់គ្រូពេទ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំអ្នកជំងឺ

0

បន្ទាយមានជ័យ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលណែនាំដល់គ្រូពេទ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំអ្នកជំងឺ ថ្លែងបែបនេះ ខណះឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលជាជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅរសៀលថ្ងៃទី២៦គុម្ភះឆ្នាំ២០២៦នេះ។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល វីរកងទ័ព វីរនគរបាល និងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលបានខិតខំតស៊ូយ៉ាងស្វិតស្វាញចូលរួមក្នុងស្មារតីការពារបូរណភាពទឹកដី ពីសង្រ្គាមឈ្លានពានរបស់ថៃ ដែលជាពេលវេលាដ៏លំបាកលំបិន និងធ្ងន់ធ្ងរបំផុត ដែលអ្នកទាំងអស់គ្នានៅទីនេះ បានប្តូរផ្តាច់បំពេញភារកិច្ចដោយសា្មរតីម្ចាស់ការ ការលះបង់កម្លាំងកាយចិត្ត ឆន្ទៈមោះមុត ដើម្បីឧត្តមប្រយោជន៍ជាតិ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាល មន្រ្តីសុខាភិបាលទូទាំងខេត្តបន្ទាយមានជ័យ រួមទាំងមន្ទីរពេទ្យបង្អែកព្រះនេត្យព្រះនិងផ្នែកឯកជន ត្រូវយកចិត្តទុកក្នុងការអនុវត្ត ដូចខាងក្រោម៖ ១អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្ទីរអង្គភាព បន្តជួយសម្របសម្រួល បង្កលក្ខណៈ គាំទ្រទៅដល់ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ដើម្បីធានាសុខាភិបាលខេត្តទៅថ្ងៃអនាគតកាន់តែមានភាពធន់ និងរឹងមាំ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការងារបម្រើសេវាជូនប្រជាជន។ ២ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ត្រូវបន្តការងារប្រចាំថ្ងៃប្រកបដោយបុរេសកម្ម សកម្ម និងប្រតិកម្មក្នុងករណីចាំបាច់ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវា ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍  ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងរក្សាឱ្យបាននូវគុណតម្លៃរបស់គ្រូពេទ្យទោះក្នុងកាលៈទេសៈណាក៏ដោយ។
៣ក្រុមគ្រូពេទ្យទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងទទួលបដិសណ្ឋារកិច្ចអ្នកជំងឺ ដោយត្រូវធានាបាននូវសុវត្ថិភាពរបស់អ្នកជំងឺ។
៤ក្រុមគ្រូពេទ្យទាំងអស់ត្រូវសហការ សាមគ្គី បង្កើនសមត្ថភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ រួមទាំងការអភិវឌ្ឍសមត្ថភាពជំនាញជាប្រចាំ។៥ត្រូវបន្តចូលរួមការងារប្រយុទ្ធនឹងជំងឺឆ្លង ជំងឺមិនឆ្លង បញ្ហាសុខភាពសាធារណៈ ការថែទាំសុខភាពបឋម និងការងារអប់រំសុខភាព។៦ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាលទាំងអស់ ត្រូវចូលរួមថែរក្សាសមិទ្ធផលជាអគារ និងសម្ភារៈបរិក្ខារ មធ្យោបាយទាំងអស់ឱ្យបានគង់វង្សយូរអង្វែង និងប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុងការបម្រើសុខភាពជូនប្រជាជន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវតម្កល់ផលប្រយោជន៍ បម្រើសុខភាពសាធារណៈ ជូនប្រជាជនប្រកបដោយសីលធម៌ សុជីវធម៌ ក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយស្នាមញញឹម និងខិតខំរៀបចំកែលម្អគុណភាពសេវាឱ្យកាន់តែប្រសើរ មានសុវត្ថិភាព ប្រសិទ្ធភាព និងប្រជាជនងាយរងហានិភ័យ ប្រជាជនភៀសសឹក ប្រកបដោយសមធម៌

សូមបញ្ជាក់ថា អគារពិនិត្យពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ មានទំហំ ២៩ម៉ែត្រ x ២៩ម៉ែត្រ ចំណាយថវិកាសរុបចំនួន ៣១៧,៦៨០ដុល្លារ ចាប់អនុវត្តពីខែមករា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៥ និងការបំពាក់សម្ភារៈបរិក្ខារពេទ្យផ្នែកសង្គ្រោះបន្ទាន់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ចំណាយថវិកាសរុបចំនួន ៦២,៧០០ដុល្លារ ជាជំនួយសមាគមសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ៕ដោយ៖ឃិន គន្ធា