សម្តេចពិជ័យសេនា ទៀ បាញ់ ណែនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឲ្យកាន់តែសកម្មដើម្បីឆ្លើយតបតម្រូវការបងប្អូនប្រជាពលរដ្ឋ

0

សៀមរាប: នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និង ទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២៦នេះ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប បានមានប្រសាសន៍ណែនាំដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឲ្យកាន់តែសកម្មដើម្បីឆ្លើយតបនូវតម្រូវការបងប្អូនប្រជាពលរដ្ឋ។ សម្តេចពិជ័យសេនា ទៀបាញ់ ក៏បានថ្លែងសង្កត់ធ្ងន់ថា(សាមគ្គីភាព គឺជាកម្លាំងមហាសាល ) ក្នុងនាមជាក្រុមការងារ យើងត្រូវចៀសវាងដាច់ខាតនូវការបែងចែកបក្សពួក ឬ ការរុញរែកការទទួលខុសត្រូវមន្ត្រីចាស់ត្រូវផ្ដល់បទពិសោធន៍ មន្ត្រីបន្តវេនត្រូវខិតខំរៀនសូត្រ និងមានភាពច្នៃប្រឌិត ។ យើងត្រូវធ្វើការជាធ្លុងមួយ ដើម្បីបុព្វហេតុគណបក្ស និងសេចក្តីសុខរបស់ប្រជាជន ។ ម៉្យាងទៀតត្រូវស្គាល់សុខទុក្ខពលរដ្ឋត្រូវចុះទៅដល់ខ្នងផ្ទះប្រជាជន ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ និង ធ្វើការដោះស្រាយបញ្ហាឲ្យទាន់ពេល រាល់កង្វល់ ឬជម្លោះផ្សេងៗនៅមូលដ្ឋាន ត្រូវដោះស្រាយប្រកបដោយតម្លាភាព និង យុត្តិធម៌ ដើម្បីបង្កើនជំនឿចិត្តពីមហាជន និង ជម្រុញឲ្យអាជ្ញាធរ និងក្រុមការងារបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ( លឿន ឆាប់រហ័ស និងមានប្រសិទ្ធភាព)ព្រមទាំងលុបបំបាត់បាតុភូតអសកម្មនានា ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្ស ។ សម្តេចបានជម្រុញដល់ក្រុមការងារទាំងអស់ ត្រូវបន្តផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងគណបក្ស ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និង ពង្រឹងសមាជិកបក្សដែលមានស្រាប់ និងពង្រីកសមាជិកថ្មី ជាពិសេសស្រទាប់យុវជន នៅតាមមូលដ្ឋាន ។ មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺជាអ្នកបម្រើប្រជាជនដោយស្មោះត្រង់ មិនមែនជាចៅហ្វាយនាយ របស់ប្រជាជននោះឡើយ ។ សម្តេចពិជ័យ ក៏បាននវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ឆ្នាំ២០២៥ ដែលក្រុមការងារសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ជាពិសេសការបម្រើសេវាសាធារណៈ ការចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង ការដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ក្នុងការបម្រើប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនាពេលកន្លងមក ហើយលទ្ធផលដែលយើងសម្រេចបាន មិនមែនដោយចៃដន្យទេ ប៉ុន្តែវាបានមកពីការរួបរួមកម្លាំងមហាសាមគ្គីភាព និងការលះបង់របស់បងប្អូនគ្រប់ជាន់ថ្នាក់ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា សៀមរាបជាខេត្តប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏សំខាន់ ដូច្នេះ ក្រុមការងារត្រូវជម្រុញឲ្យអាជ្ញាធរមូលដ្ឋានផ្តល់សេវាឲ្យបាន (លឿន ស្អាតស្អំ និងមានតម្លាភាព) ហើយក្រុមការងារត្រូវដឹងពីសុខទុក្ខរបស់រាស្ត្រមុនពួកគេរាយការណ៍មកយើង។ ចំពោះបញ្ហាជម្លោះដីធ្លី ឬភាពមិនប្រក្រតីនៅមូលដ្ឋាន ត្រូវតែដោះស្រាយឲ្យបានទាន់ពេល ចៀសវាងទុកឲ្យរីករាលដាលធំ ហើយមន្ត្រីម្នាក់ៗត្រូវធ្វើខ្លួនជា (គំរូដ៏ល្អ) ក្នុងសហគមន៍ ក្នុងការប្រើប្រាស់ពាក្យសម្តី ចរិតលក្ខណៈ និងសកម្មភាពរបស់ខ្លួន គឺជាការឆ្លុះបញ្ចាំងពីតម្លៃ របស់គណ បក្ស ។ សម្តេចពិជ័យ ក៏បានក្រើនរំលឹកផងដែរ គឺត្រូវធ្វើឲ្យបាន ហើយលឿន និង ឲ្យមានប្រសិទ្ធភាព ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ៕