សៀមរាប: សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៣៥ របស់សាខាខេត្តសៀមរាប ចំនួនសរុប ១ពាន់រូប ក្នុងគោលបំណងបណ្តុះបណ្តាលយុវតី ឲ្យក្លាយជាធនធាន ដឹកនាំដ៏មានសក្ដានុពលសម្រាប់អភិវឌ្ឍជាតិ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកស្រី ឆូវ ផល្លី អគ្គស្នងការរងនៃសមាគមកាយឫទ្ធិនារីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ ប្រធានកិត្តិយសសាខាខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃសមាគម និងសមាជិកាជាច្រើនរូបទៀត នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ។
លោកស្រី ក្រង់ ស៊ីថាវី ប្រធានក្រុមប្រឹក្សាសមាគមកាយឬទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២២ ដល់២០២៤ សាខាខេត្តសៀមរាប បានពង្រីកសមាជិកាសកម្មចំនួន ៦ក្រុងស្រុក មានសមាជិកាចំនួន ២៨៩រូប និងគ្រូបង្គោល ២១រូប និងចាប់ពីឆ្នាំ២០២៥ ដល់២០២៦នេះ ពង្រីកសមាជិកាសកម្មថ្មីចំនួន ៧ស្រុក សរុប ៤២០រូប និងគ្រូបង្គោល ១៥រូប។ សម្រាប់ពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី៣៥នេះ មានចំនួនសរុប ៨២៥រូប ក្នុងនោះសាខាខេត្តសៀមរាប មានសមាជិកគាំទ្រថ្មី ៨១រូប សមាជិកសកម្មថ្មី ៥៨២រូប និងត្រូវប្តូរកន្សែង ចំនួន១២៦រូប។ ក្រៅពីនេះ ក៏មានសមាជិកាមកពីស្នាក់ការកណ្តាល និងសាខាខេត្តកំពត ចូលរួមសច្ចាផងដែរ។
ក្នុងនាម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រី ឆូវ ផល្លី អគ្គស្នងការរងនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាកម្លាំងស្ម័គ្រចិត្តរួម ដែលផ្ដល់ឲ្យសមាជិកនូវចំណេះដឹងបទពិសោធន៍ទាំងជីវិត ការងារ និង លទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ កុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការងារជាក្រុម ក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ សមាជិកទាំងអស់ត្រូវបានជំរុញ លើកទឹកចិត្តឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ តាមគោលបំណង បេសកកម្ម និងពាក្យស្លោករបស់សមាគមគឺ (កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារីនិងយុវតីកម្ពុជា)។
លោកស្រី ឆូវ ផល្លី បានបញ្ជាក់ថា សកម្មភាពអប់រំក្រៅប្រព័ន្ធនេះ តែងតែទទួលបានការយកព្រះទ័យ ទុកដាក់ និងគាំទ្រយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ព្រះ ប្រធានកិត្តិយសនៃសមាគម ដែលទ្រង់តែងតែសព្វព្រះរាជហឫទ័យឲ្យយុវតីកម្ពុជាមានសមត្ថភាពខ្ពស់ស្មើមុខមាត់លើឆាកអន្តរជាតិ ។ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាគមកាយឫទ្ធិនារីកម្ពុជា បាននិងកំពុងសម្រេចបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់ ដោយមានយុវជន-យុវនារីទូទាំងប្រទេសដាក់ពាក្យចូលជាសមាជិកយ៉ាងច្រើនកុះករ ។ គោលដៅចម្បងគឺការបណ្តុះបណ្តាលកុមារី និងយុវតី ឲ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃ ជាភរិយា និងជាម្តាយដ៏ល្អក្នុងសង្គម ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។
លោកស្រីក៏បានថ្លែងនូវការកោតសរសើរ និងអគុណដល់សមាជិកា សមាជិកគាំទ្រទាំងអស់ ដែលបានចូលរួមសកម្មភាពផ្សេងៗ ក្នុងសមាគមកាយឫទ្ធិនារី កម្ពុជា ដូចដែលសាខាបានធ្វើការបង្ហាញពីលទ្ធផលរបស់ខ្លួន។ ការចូលរួមរបស់ប្អូនៗ ក្មួយៗទាំងអស់ ធ្វើឲ្យសមាគមបន្ដបេសកកម្ម និងទិសដៅរបស់សមាគមកាយឬទ្ធិនារីកម្ពុជា ទទួលបានជោគជ័យ ។ ជាក់ស្តែងនៅថ្ងៃនេះមានប្អូនៗយុវជន-យុវនារីខ្មែរជាច្រើនពាន់នាក់នៅទូទាំងរាជធានី-ខេត្ត បានដាក់ពាក្យស្នើសុំចូលជាសមាជិកភាពនៃសមាគមកាយឫទ្ធិនារីកម្ពុជា ជាបន្តបន្ទាប់ ៕






































