ខេត្តក្រចេះ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ គឺជាថ្ងៃដែលកត់ត្រានូវជំពូកថ្មី នៃប្រវត្តិសាស្ត្រភូមិភាគឦសាន ខណៈដែលស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដែលជាស្ពានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុត ត្រូវបានប្រកាសបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ច និងការធ្វើដំណើររបស់សាធារណជន។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់នេះ គឺជាសមិទ្ធផល ដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងចិន ដោយបានប្រើប្រាស់ថវិកាសរុបប្រមាណជាង ១១៤ លានដុល្លារអាមេរិក។ ថវិកានេះ គឺជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ស្ពានមិត្តភាពនេះ មានប្រវែងសរុប ១,៧៦១ ម៉ែត្រ និងទទឹង ១៣.៥ ម៉ែត្រ ដោយត្រូវបានសាងសង់ឡើងតាមបទដ្ឋានបច្ចេកទេសកម្រិតខ្ពស់។ ក្រៅពីតួស្ពាន គម្រោងនេះក៏រួមបញ្ចូលនូវការសាងសង់ផ្លូវតភ្ជាប់ ដែលមានប្រវែងសរុបជាង ៣១ គីឡូម៉ែត្រ ដែលជួយបង្កើតនូវបណ្តាញគមនាគមន៍យ៉ាងរស់រវើក តភ្ជាប់ពីក្រុងក្រចេះ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៦២ ដែលជាសរសៃឈាមសេដ្ឋកិច្ចថ្មី នៃភូមិភាគឦសាន។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម ធ្លាប់បានគូសបញ្ជាក់ ថា សមិទ្ធផលនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញប្រសិទ្ធភាពវិស័យដឹកជញ្ជូន ជាពិសេសការដឹកជញ្ជូនកសិផល និងកសិ-ឧស្សាហកម្ម។ លោកថា លើសពីនេះ ស្ពានមេគង្គក្រចេះ នឹងដើរតួជា “ស្ពានមាស” ក្នុងការតភ្ជាប់ខ្សែចង្វាក់ទេសចរណ៍យ៉ាងប្រទាក់ក្រឡា រវាងខេត្តកំពង់ធំ និងបណ្តាខេត្តនានានៅភូមិភាគឦសាន ជួយកាត់បន្ថយពេលវេលា និងថ្លៃដើមធ្វើដំណើរបានយ៉ាងច្រើនសន្ធឹកសន្ធាប់។
ការលេចចេញជារូបរាងនៃស្ពាននេះ គឺជាសក្ខីភាពនៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យក “ផ្លូវ” ជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា)។ នេះមិនមែនត្រឹមតែជាការសាងសង់សំណង់បេតុងនោះទេ ប៉ុន្តែវាគឺជាការតភ្ជាប់ “សរសៃឈាមសេដ្ឋកិច្ច” ពីតំបន់ដាច់ស្រយាល មកកាន់តំបន់ទីប្រជុំជន និងតភ្ជាប់ទំនាក់ទំនងរវាងបេះដូងប្រជាជនទាំងពីរ ពីភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី (ត្រើយខាងកើត) ទៅកាន់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ (ត្រើយខាងលិច) ទន្លេមេគង្គ។
សូមរំលឹកថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង លោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ គម្រោងនេះត្រូវបានបញ្ចប់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ដើម្បីជាចំណងដៃដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ៕ដោយ៖ឡុង សំបូរ





































