កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានស្នេីដល់គ្រប់គ្រូពេទ្យទាំងអស់ សូមកុំឱ្យមានការរើសអើងចំពោះអ្នកជំងឺ ទោះបីជាក្នុងស្ថានភាពបែបណាក៏ដោយ ត្រូវចាត់ទុក អ្នកជំងឺ ឱ្យដូចជាឪពុកម្តាយ ជាកូន ជាបងប្អូន ឬជាសាច់ញាតិរបស់ខ្លួន ពិសេសត្រូវតែបណ្តុះពូជចិត្តមេត្តាធម៌ក្នុងខ្លួន
ឱ្យបានផងដែរ ។ ថ្លែងបែបនេះក្នុងពិធីប្រកាសតែងតាំង លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ចូលកាន់តំណែងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ជំនួសលោកវិជ្ជបណ្ឌិត គឹមសួរ ភីរុណ ដែលបានចូលនិវត្តន៍ នាព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មី ត្រូវបន្តពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ សំដៅលើកកំពស់នៃការផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា ក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជន និងការផ្លាស់ប្តូរឥរិយាបទចំពោះប្រជាពលរដ្ឋដែលអញ្ជើញមករកសេវាថែទាំសុខភាព ពោលគឺត្រូវពង្រឹងគុណភាពសេវាថែទាំសុខភាពប្រកបដោយគុណភាព និងសមធម៌ផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានស្នេីឱ្យបន្តនិរន្តភាពការងារ និងត្រូវមានគណនេយ្យលើការអនុវត្តមុខងារ ភារកិច្ច ពិសេសត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ និងយកចិត្តទុកដាក់ពិនិត្យលទ្ធភាពក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋាន លើវិស័យសុខាភិបាល ឱ្យស្របទៅតាមផែនការគ្របដណ្តប់សុខាភិបាល ពិសេសត្រូវបណ្តុះបណ្តាលជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការក្រោមឱវាទលេីវិស័យនេះ។
ជាមួយគ្នានោះឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តាំផ្ញេីដល់លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដែលទើបតែទទួលបានការតែងតាំងថ្មី ត្រូវបង្កើនការយកចិត្តទុកដាក់ និងត្រួតពិនិត្យមើលផងដែរថា មានកត្តាច្រើនណាស់ ដែលជះឥទ្ធិពលមកលើសមិទ្ធផលនៃវិស័យសុខាភិបាល ក្នុងនោះទាមទារឱ្យមានការ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ធ្វើយ៉ាងណាឱ្យមាននូវកិច្ចសហការសម្របសម្រួល និងឱ្យមានការ ចូលរួមយ៉ាងស្មោះស្ម័គ្រ អស់ពីកម្លាំងកាយចិត្ត ពីសំណាក់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ ដើម្បីធានាបាននូវជោគជ័យក្នុងការលើកកម្ពស់សុខភាព និងសុខមាលភាពជូនប្រជាជនផងដែរ ៕




































