ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាល និងពិសានំបញ្ចុកសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅវត្តធម្មរង្សីសំពៅលូន ស្រុកក្រឡាញ់

0

សៀមរាប៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងប្រតិភូអមដំណើរ អញ្ជើញជួបសំណេះសំណាល ចែកអំណោយ និងពិសានំបញ្ចុកសាមគ្គីរួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅវត្តធម្មរង្សីសំពៅលូន ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងស្មារតីមហាគ្រួសារខ្មែរ ក្នុងគ្រាលំបាកដោយមិនទុកប្រជាជនខ្មែរណាម្នាក់នៅឯកោនោះឡើយ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្នុងឱកាសនេះ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តមកចូលរួមកម្មវិធីជួបជុំជាមួយបងប្អូនជនភៀសសឹក ដែលនេះលើសពីការផ្ដល់នូវភាពសប្បាយរីករាយ និងរំសាយទុក្ខកង្វល់ នេះក៏ជាពេលវេលាដែលពួកយើងនៅជួរក្រោយបានមករួបរួមជាមួយបងប្អូនក្នុងនាមជាមហាគ្រួសារខ្មែរតែមួយផងដែរ។ ឯកឧត្តមបញ្ជាក់ថា “យើងមិនទៅណាចោលបងប្អូនទាំងអស់គ្នាទេ” ហើយយើងនឹងរួបរួមគ្នា ប្រកៀកស្មាគ្នាឆ្លងកាត់គ្រាលំបាកនេះជាមួយគ្នា។ ឯកឧត្តម មានប្រសាសន៍ទៀតថា ក្នុងកាលៈទេសៈលំបាកនេះ សូមឱ្យប្រជាពលរដ្ឋយើងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផ្ដល់លទ្ធភាពគ្រប់គ្រាន់ដល់បងប្អូនភៀសសឹក អាចត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព ខណៈរាជរដ្ឋាភិបាលកម្ពុជា នឹងឈរនៅជាមួយប្រជាពលរដ្ឋយើងគ្រប់ពេលវេលា លើស្មារតីស្ងាត់តែមិនស្ងៀម។ ឯកឧត្តមក៏សូមថ្លែងអំណគុណ និងកោតសសរសើរអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គ្រន់ភាគីពាក់ព័ន្ធទាំងអស់ បន្តតាមដានយកចិត្តទុកដាក់បងប្អូន យាយតា អ៊ុពូមីង ដែលជាពលរដ្ឋភៀសសឹក មិនទាន់អាចត្រលប់ទៅផ្ទះវិញបាន។
លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានបញ្ជាក់ថា ដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រដ្ឋបាលស្រុកក្រឡាញ់ បានរៀបចំទីតាំងសុវត្ថិភាពចំនួន ១៩ទីតាំង បច្ចុប្បន្នប្រើប្រាស់ចំនួន៦ទីតាំង និងបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង រៀបចំការចែកអំណោយ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្សេងៗ។ដោយបច្ចុប្បន្នគិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្រុកក្រឡាញ់នៅសល់បងប្អូនភៀសសឹកសរុប ៩១៦គ្រួសារ ស្មើនឹង ៣ពាន់២១៧នាក់ មកពីខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ ។ លោកបានបន្ថែមថា ដោយបានការយកចិត្តទុកដាក់ខ្លាំងពីសុខទុក្ខ ការលំបាក និងការកំពុងរស់នៅរបស់បងប្អូន ភៀសសឹកដែលកំពុងបន្តការស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនានាក្នុងខេត្ត ដោយមិនទាន់អាចត្រ ឡប់ទៅកាន់គេហដ្ឋានវិញបាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីបានចូលរួមជាមួយបងប្អូនភៀសសឹកនៅក្នុងមូលដ្ឋានថ្នាក់ដឹកនាំខេត្ត ឯកឧត្តម លី សំរិទ្ធ ប្រធាន ក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ បានអនុញ្ញាតឱ្យរដ្ឋបាលស្រុកក្រឡាញ់ និង សសយក ស្រុកក្រឡាញ់ អង្គភាពពាក់ព័ន្ធ អង្គការ សមាគម និងដោយមានការឧបត្ថម្ភពីក្រុមហ៊ុនវឌ្ឍនៈ ព្រមទាំងសប្បុរសជននានា ធ្វើការរៀបចំអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ជាមួយបងប្អូនគ្រួសារភៀសសឹកកំពុងស្នាក់មណ្ឌលសុវត្ថិភាពក្នុងស្រុកក្រឡាញ់ ចំនួន៣ទីតាំង រួមមានមណ្ឌលសុវត្ថិភាពវត្តបូណ៍ខ្នាតេជោ មណ្ឌលសុវត្ថិភាពវត្តធម្មរង្សីសំពៅលូន និងមណ្ឌលសុវត្ថិភាពវត្តពោធិក្រឡាញ់៕