«សង្ក្រាន្តមណ្ឌលភៀសសឹក»៖ ការផ្ដល់ភាពកក់ក្ដៅ និងស្នាមញញឹមជូនពលរដ្ឋរងគ្រោះ នៅខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ទោះបីជាត្រូវឃ្លាតឆ្ងាយពីផ្ទះសម្បែងដោយសារភ្លើងសង្គ្រាម ប៉ុន្តែកម្ដៅនៃក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ បានធ្វើឲ្យបរិយាកាសនៅក្នុងមណ្ឌលភៀសសឹក ប្រែមកជាមានភាពរីករាយ និងកក់ក្ដៅវិញ តាមរយៈការរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី។

វិធីក្រុងពាលីសុំសេចក្ដីសុខ និងការផ្ដល់សេចក្ដីសង្ឃឹម ជូនពលរដ្ឋភៀសសឹកច្រើនរយគ្រួសារ ដែលបានធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ពិធីបួងសួងសុំសេចក្ដីសុខ សិរីសួស្ដី ក្នុងវិធី «សង្ក្រាន្តមណ្ឌលភៀសសឹក» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម (វត្តបាក់កាំ) ស្ថិតក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក សុខ សប្បាយណា សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ,លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី ផងដែរ។

គោលបំណងធំនៃការរៀបចំសង្ក្រាន្តនេះ គឺដើម្បីនាំយកនូវបរិយាកាសសប្បាយរីករាយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មកចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន កុំឱ្យមានអារម្មណ៍ថាឯកោ ឬត្រូវបានបោះបង់ចោលក្នុងគ្រាលំបាក។

ក្នុងទឹកមុខញញឹមពោរពេញដោយក្ដីសង្ឃឹម ថ្នាក់ដឹកនាំទាំងអស់បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ដល់កន្លែងស្នាក់នៅ និងបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរយ៉ាងស្និទ្ធស្នាលជាមួយពលរដ្ឋ។ សកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ការពិសារ «នំបញ្ចុកសាមគ្គី» និងការចែកជូនអាហារសម្រន់ ដែលជានិមិត្តរូបនៃសាមគ្គីភាព និងការខ្វល់ខ្វាយពីសុខទុក្ខគ្នាទៅវិញទៅមកក្នុងនាមជាឈាមជ័រខ្មែរ។

​          អភិបាលរងខេត្តព្រះវិហារ លោក សុខសាន្ត ដារ៉ា ប្រធានគ្រប់គ្រងមណ្ឌសុវត្ថិភាពវត្តពើងអង្កាម ​បានឱ្យដឹងថា បច្ចុប្បន្នខេត្តមានមណ្ឌលភៀសសឹកចំនួន ៣ កន្លែង ដែលកំពុងផ្ដល់ជម្រកដល់ពលរដ្ឋប្រមាណ ១,៦០០ នាក់ ដែលបានរត់គេចពីការបាញ់បោះក្នុងជម្លោះព្រំដែននាពេលកន្លងទៅ។ លោកបានបន្តថា ក្នុងចំណោមមណ្ឌលភៀសសឹកទាំង ៣របស់ខេត្ត ក្នុងនោះ មណ្ឌលសុវត្ថិភាពវត្តពើងអង្កាម គឺជាមណ្ឌលធំជាងគេ ដែលមានពលរដ្ឋស្នាក់នៅប្រមាណ ៩០០ នាក់។

លោកអភិបាលរងខេត្តព្រះវិហារ បានសង្កត់ធ្ងន់ថា៖ «អាជ្ញាធរខេត្ត ក៏ដូចជាថ្នាក់ដឹកនាំថ្នាក់ជាតិគ្រប់លំដាប់ថ្នាក់ តែងតែផ្ដល់ភាពកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះបងប្អូនពលរដ្ឋយើងជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ»។

ទោះជាយ៉ាងណា «សង្ក្រាន្តមណ្ឌលភៀសសឹក» មិនមែនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែ វាគឺជាសារមួយយ៉ាងច្បាស់ ផ្ញើទៅកាន់បងប្អូនពលរដ្ឋនៅខ្សែបន្ទាត់ព្រំដែនថា «រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំមិនទុកបងប្អូនចោលឡើយ»។ ស្នាមញញឹមដែលរីកលើផ្ទៃមុខពលរដ្ឋភៀសសឹកនាថ្ងៃនេះ គឺជាសក្ខីភាពនៃសន្តិភាព និងក្ដីសង្ឃឹម សម្រាប់ការវិលត្រឡប់ទៅកាន់ជីវភាពប្រក្រតីវិញ នាពេលឆាប់ៗខាងមុខ៕ដោយ៖ឡុង សំបូរ