សៀមរាប៖ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសលេខ ០៨៥ ប្រក.ព.ម ស្តីពីការដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងប្រកាសលេខ ២៩៤ ប្រក.ព.ម ស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជូនដល់អ្នកសារព័ត៌មានក្នុង
ខេត្តសៀមរាប ដែលសិក្ខាសាលានេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប ឯកឧត្តម ឡុក ឡងឌី សមាជិកក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត ទទួលបន្ទុកមន្ទីរព័ត៌មានខេត្ត ដោយមានការចូលរួមពីបងប្អូនអ្នកសារព័ត៌មានក្នុងខេត្តជាច្រើនរូបនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ។
លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តទទួលបន្ទុករួម បានឱ្យដឹងថា ក្នុងខេត្តសៀមរាប មានអង្គភាពសារព័ត៌មានដែលកំពុងចរាចរណ៍ចំនួន ៤២អង្គភាព ក្នុងនោះមានស្នាក់ការអង្គភាពសារព័ត៌មានក្នុងខេត្តចំនួន ២៩ស្នាក់ការ និងមានភ្នាក់ងារយកព័ត៌មានសរុប ២១៣នាក់ ស្រី២៧នាក់។ ហើយសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦នេះ ថ្វីត្បិតតែលទ្ធផលអនុវត្តន៍មានការឆ្លើយតបយ៉ាងល្អប្រសើរ ប៉ុន្តែមន្ទីរក៏នៅតែជួបបញ្ហាប្រឈមមួយចំនួន ដោយការគ្រប់គ្រងអ្នកសារព័ត៌មាននៅមិនទាន់មានភាពល្អប្រសើរ ដោយសារអ្នកសារព័ត៌មានមួយចំនួនឆ្លៀតឱកាសជ្រកក្រោមស្លាកជាអ្នកសារព័ត៌មានស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ហើយអង្គភាពមួយចំនួននៅមិនទាន់មកបំពេញតាមលក្ខខណ្ឌគុណវឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាននៅឡើយ។
លោកបន្តថា ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ មន្ទីរបានលើកទិសដៅសម្រាប់អនុវត្តន៍បន្ត រួមមាន បន្តរៀបចំសិក្ខាសាលា, វគ្គបណ្តុះបណ្តាល, ជំនួបអ្នកសារព័ត៌មានជាប្រចាំខែ បន្តជំរុញអង្គភាពព័ត៌មាន មកបំពេញតាមលក្ខខណ្ឌគុណវឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន ឱ្យកាន់តែមានប្រសិទ្ធភាព ។សហការជាមួយអង្គភាពព័ត៌មានក្នុងខេត្ត ដើម្បីផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត។ សហការការងារព័ត៌មាន និងសាធារណមតិ ជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងសារព័ត៌មានក្នុងខេត្ត ធ្វើការឆ្លើយតប ដើម្បីបន្សាបព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា។
លោក សុខ ថុល អភិបាលរងខេត្ត មានប្រសាសន៍ថា វិស័យព័ត៌មានក្នុងខេត្ត បានដើរតួនាទីយ៉ាងសំខាន់ប្រៀបបានដូចជាសរសៃបេះដូងដែលកំណត់ជោគវាសនានៃខេត្ត និងប្រទេសជាតិទាំងមូល។ ដូចដែលយើងបានដឹងស្រាប់ហើយថា ខេត្តសៀមរាប មិនត្រឹមតែជាគោលដៅទេសចរណ៍ និងវប្បធម៌មួយមុខទេ ប៉ុន្តែជាចរន្តសេដ្ឋកិច្ច និងមុខមាត់របស់ប្រទេសកម្ពុជាផងដែរ។ កន្លងមករដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ និងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍នានាជាច្រើន ដោយបានសហការជាមួយមន្ទីរព័ត៌មានខេត្ត ក្នុងការផ្សាយផ្ទាល់ និងបន្តផ្ទាល់នូវរាល់ព្រឹត្តិការណ៍ធំៗដែលបានរៀបចំនៅក្នុងខេត្តសៀមរាប ក៏ដូចជាសកម្មភាព និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលផងដែរ។
លោក សុខ ថុល បន្តថា នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ ការផ្សព្វផ្សាយព័ត៌មានចេញពីខេត្តរបស់យើង មិនត្រឹមតែសម្រាប់ពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ក៏ប៉ុន្តែជាបង្អួចសម្រាប់ពិភពលោកក្នុងការចាប់អារម្មណ៍ វាយតម្លៃ និងផ្តល់ការទុកចិត្តខ្ពស់មកលើកម្ពុជាទៀតផង។ សព្វថ្ងៃនេះ មានមនុស្សតិចតួចណាស់ដែលនៅបន្តទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី ដូចជា ទូរទស្សន៍ វិទ្យុ និងកាសែត ខណៈដែលប្រជាជនភាគច្រើនបានក្លាយទៅជាអ្នកនិយមលេងអ៊ីនធឺណិត និងបានចាត់ទុកបណ្តាញសង្គមដូចជា Facebook TikTok និង YouTube ជាប្រភពផ្តល់ព័ត៌មានដ៏គួរឱ្យទុកចិត្តសម្រាប់ពួកគេ។
ឯកឧត្តម កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា អ្នកសារព័ត៌មានថាជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការជួយឆ្លុះបញ្ចាំងតថភាពសង្គម និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការនាំយកព័ត៌មានពិត ច្បាស់លាស់ និងទាន់ហេតុការណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ។ សម្រាប់ការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះធម្មនុញ្ញវិជ្ជាជីវៈ គឺជាត្រីវិស័យសីលធម៌ ដែលជួយឱ្យបងប្អូនដើរលើផ្លូវត្រឹមត្រូវ ជៀសផុតពីការផ្សាយព័ត៌មានក្លែងក្លាយ ដែលបង្កភាពវឹកវរក្នុងសង្គម។ សម្រាប់លក្ខខណ្ឌគុណវុឌ្ឍិ គឺជាខ្នាតវាស់វែងសមត្ថភាព ដើម្បីធានាថា អ្នកសារព័ត៌មានយើងមានចំណេះដឹងពិត ចេះវិភាគ ចេះប្រើបច្ចេកវិទ្យា និងមានភាពអាជីពខ្ពស់។
ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ទៀតថា យើងចង់ឱ្យព័ត៌មានដែលចេញពីបងប្អូន គឺជាព័ត៌មានដែល “ប្លែក លឿន ទុកចិត្តបាន ពេលណា ទីណា ក៏ទទួលបាន” ដូចអ្វីដែលក្រសួងព័ត៌មានតែងតែប្រកាន់ខ្ជាប់។ យ៉ាងណាក្នុងន័យនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបងប្អូនអ្នកសារព័ត៌មានទាំងអស់ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងក្នុងសិក្ខាសាលានេះ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងន័យលើកកម្ពស់សេរីភាពសារព័ត៌មាន និងការការពារសុវត្ថិភាពខ្លួនឯងក្នុងអាជីព៕ប្រភពមន្ទីរព័ត៏មាន 





































