សម្តេចធិបតីបង្គាប់បញ្ជារឱ្យឯកឧត្តម កើត រិទ្ធត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់លើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់៦នាក់

0

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទទី៣១ ខែមិនា ឆ្នាំ២០២៦នេះ បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកដោយជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដែលបានស្លាប់៦នាក់​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០២៦។

នៅក្នុងសាររបស់សម្តេចធិបតីបានសរសេរថា៖« ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡើងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់»។

ជាមួយគ្នានេះ សម្តេចបានសម្តែងការសោកស្តាយដល់ជនរងគ្រោះ ហើយក៏មានបងប្អូនមួយចំនួនទៀតក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។

ត្រង់ចំណុចសម្តេចធិបតីបានបញ្ជាក់ថា ជាដំបូង ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួ​សារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅកាន់សុខគតិភពកុំបីឃ្លាតឡើយ។  ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។

ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយើង ធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។

ខ្ញុំសូមរំលឹកឡើងវិញផងដែរ ចំពោះការបើកបរដោយមិនគោរពច្បាប់ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹងដែលបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ដូចបានអនុវត្តនៅពេលកន្លងមក។

គណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុក ដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរនឹងត្រូវធ្វើដំណើរទៅស្រុកកំណើត ឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕