ឧត្តរមានជ័យ៖ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលស្រុកចុងកាល់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី និងល្បែងប្រជាប្រិយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលឆាប់ៗនេះ និងដើម្បីលើក
ទឹកចិត្ត និងផ្ដល់ភាពរីករាយជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់ក្នុងវត្តបាក់ថ្កៅ ស្រុកចុងកាល់ ពិសេសជំរុញការរក្សាវប្បធម៌ ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ។
លោកម៉េត មាសភក្ដី អភិបាលរងខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការជួបជុំជាមួយបងប្អូនភៀសសឹកនាពេលនេះ មិនត្រឹមតែបង្កបរិយាកាសសប្បាយរីករាយតាមបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាការធ្វើបុណ្យទានរួមគ្នា បង្ហាញពីការសាមគ្គីភាព និងការគោរពស្រឡាញ់រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលឈានចូលមកដល់នាពេលខាងមុខ។ ពិធីនេះក៏ជាផ្នែកមួយកាត់ជួយបន្ថយភាពភ័យខ្លាចរបស់ពួកគាត់ ដោយសារការឈ្លានពានពីសំណាក់យោធាថៃ ហើយពួកគាត់មិនទាន់អាចត្រឡប់ទៅលំនៅឋានវិញនៅឡើយ។
លោកម៉េត មាសភក្ដី បានឱ្យដឹងថា ការរៀបចំនេះមានកម្មវិធីជាច្រើន ដូចជា៖ ពិធីសូត្រមន្ត លើករាសី ក្រុងពលី ដើម្បីឧទ្ទិសកុសលជូនវីរៈកងទ័ព និងការលេងល្បែងប្រជាប្រិយខ្មែរជាច្រើន ហើយដល់ពេលថ្ងៃត្រង់ យើងក៏មានអាហារសាមគ្គីពិសារនំបញ្ចុកជួបជុំគ្នា។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនភៀសសឹក ជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកដំណោះស្រាយ ជាមួយភាគីប្រទេសថៃ ដោយសន្តិវិធី កាត់បន្ថយភាពតានតឹងតាមបណ្ដោយព្រំដែន និង ផ្ដល់នូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្ដែង ដើម្បីជួយបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងកំឡុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ៕ដោយ៖ភ្នំដងរ៉ែក




































