(កំពង់ធំ)÷រសៀលថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានរាយការណ៍ អំពី.ស្ថានភាពភូមិសាស្ត្រ,.រចនាសម្ព័ន្ធកងកម្លាំង, .ការងារគ្រប់គ្រងដឹកនាំបញ្ជា,.កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រយៈពេលកន្លងមក ធានាបានសុខសុវត្ថិភាពល្អ ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”.ការងារកសាងអង្គភាព ដោយមានការយកចិត្តពីថ្នាក់ដឹកនាំ និងមានការចូលរួមកងកម្លាំងក្រោមឱវាទ សម្រេចបាននូវសមិទ្ធិផលថ្មីៗ គួរជាទីមោទនៈ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ឯកឧត្តម បានចូលរួមអបអរសាទរចំពោះមន្ត្រីនគរបាល ដែលទើបប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីនឹងគាំទ្រលើរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ។
ដើម្បីបន្តឲ្យការអនុវត្តការងារទទួលបានជោគជ័យ ឯកឧត្តមបានដាក់គោលការណ៍ ៩ ចំណុចដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដូចខាងក្រោម៖
១.បន្តពង្រឹងការអនុវត្ត តួនាទី និងការទទួលខុសត្រូវ ក្នុងការដឹកនាំកម្លាំង ។ ២.ត្រូវធ្វើសេនាធិការគ្រប់ជ្រុងជ្រោយ ជូនគណៈបញ្ជាការឯកភាពខេត្ត ដើម្បីជម្រុញឱ្យមាន ប្រសិទ្ធភាពលើការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។៣.បន្តខិតខំជម្រុញការអនុវត្តការងារជំនាញ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ។
៤.បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមរាំរ៉ៃយូរអង្វែងត្រូវមានការផ្សព្វផ្សាយអប់រំឱ្យបានជាប់ជាប្រចាំស្នងការដ្ឋានត្រូវកែសម្រួលផែនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យស្របតាមស្ថានភាព និងភូមិសាស្ត្រជាក់ស្ដែង។៥.ជម្រុញការកសាងអង្គភាព ថែរក្សាបរិស្ថាន អនាម័យនៅកន្លែងធ្វើការ ។
៦.លុបបំបាត់ឱ្យបាននូវរាល់សកម្មភាពរបស់ក្មេងទំនើង ដែលបង្កភាពភ័យខ្លាច និងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ។៧.បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិន័យ និងការគោរពក្រមសីលធម៌វិជ្ជាជីវៈកងកម្លាំងនគរបាលជាតិឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេស ការរក្សាការសម្ងាត់ខ្ពស់បំផុតរបស់កងកម្លាំងប្រដាប់អាវុធ និង រក្សាការសម្ងាត់ជាតិ គ្រប់ពេលវេលា។៨.ត្រូវបន្តពង្រឹងការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់ តាមរយៈការគ្រប់គ្រងបញ្ជីវត្តមាន ឬការប្រជុំជួរ ការត្រួតពិនិត្យការគ្រងឯកសណ្ឋាន និងពាក់សញ្ញាសម្គាល់នគរបាលជាតិឱ្យបានត្រឹមត្រូវ តាមការកំណត់ក្នុងបទវិន័យនគរបាលជាតិ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
៩.ត្រូវបោសសម្អាត និងបង្ក្រាបឱ្យអស់ អនឡាញស្គេម(Online Scams) ពីដែនសមត្ថកិច្ចរបស់ខ្លួន។
ឯកឧត្តមបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលទាំងអស់ មិនត្រឹមតែដើម្បីធានាការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ជាមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅក្នុងដែនដីដែលខ្លួនបំពេញការងារនោះទេ គឺដើម្បីបន្តចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងក្របខណ្ឌទូទាំងប្រទេសនិងដើម្បីចូលរួមអភិវឌ្ឍប្រទេសឱ្យឈានឆ្ពោះទៅសម្រេចបានគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ខាងមុខ។
សូមបញ្ជាក់ដែរថា ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រួមមាន : ១-ថ្នាក់ស្នងការរងចំនួន ០៨ រូប,២-នាយរងការិយាល័យចំនួន០៦ រូប,៣-អធិការរងចំនួន ០១ រូប និងប្រគល់ប័ណ្ណសរសើរចំនួន ២០ រូប ៕ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យនិងកែសម្រួលអ៊ុមញឹប។




































