ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគម
អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជន និងគោរពវិញ្ញាណក្ខន្ធលោកស្រី ពលបាលឯក យ៉ាន់ សារ៉ាន អាយុ ៥៩ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធនាពេលថ្មីៗនេះ ។
លោកអនុសេនីយ៍ទោ យិន ដាលីន ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត បានឡើងអានសារលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងដោយបានគូសបញ្ជាក់អំពីប្រវត្តិរបស់លោកស្រីពលបាលឯក យ៉ាន់ សារ៉ាន ដែលធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ១៩៨៦ នៅអង្គភាព យោធាខេត្តកំពង់ធំ ហើយក្រោយមកត្រូវបានក្រសួងការពារជាតិ បានដាក់ឱ្យចូលជាយោធិនបាត់បង់សមត្ថភាព នៅឆ្នាំ២០១៧ ។ លោកស្រី មានស្វាមីឈ្មោះ ងិន សារ៉ា អាយុ ៦១ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន ៤នាក់ រស់នៅភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកស្រីពលបាលឯក យ៉ាន់ សារ៉ាន ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។ ជាភរិយា និងជាម្ដាយដ៏ល្អ ក្នុងគ្រួសាររបស់លោក ងិន សារ៉ា ដែលត្រូវជាស្វាមី និងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារសពផងដែរ ។(អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប




































