ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក៏ដូចជារៀងរាល់ឆ្នាំកន្លងទៅដែរ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដុតធូប
គោរពវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិល ក្នុងបុព្វហេតុការពារ ទប់ស្កាត់ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងផ្សព្វផ្សាយសាររជូនពររបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការគោរពដឹងគុណជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត, អៀង សារី, ខៀវ សំផន ។ វីរភាពកម្មាភិបាលយុទ្ធជនទាំងនេះ គឺជាប្រតិបត្តិករ នៃនយោបាយឈ្នះឈ្នះ ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសជាតិយេីងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។ យេីងខ្ញុំទាំងអស់គ្នាជានាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមគោរពបួងសួងសុំឲ្យវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនេះ ផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយនូវសារជូនពររបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដោយបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេងរបស់កងយោធពលខេមរភូមិន្ទ ដែលសម្រេចបានក្នុងរយៈពេលកន្លងទៅ ដែលបានលះបង់ខ្ពស់ ជំនះឧបសគ្គគ្រប់បែបយ៉ាង ប្រកបដោយភាពអង់អាចក្លាហានមោះមុត ក្នុងការការពារបូរណភាពទឹកដីនៃយើង និងសូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋាននានា បន្តសាមគ្គីភាពគ្នាជាធ្លុងមួយ ក្រោមស្មារតីជាតិខ្មែរតែមួយ ជាមួយនេះ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លៀនពានពីប្រទេសជិតខាង មកលើដែនអធិបតេយ្យភាពរបស់យើង។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប





































