លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំប្រព័ន្ធ Zoom ស្តីពីកិច្ចប្រជុំផ្សព្វ ផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួម កិច្ចប្រជុំប្រព័ន្ធ Zoom ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ឋ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ Zoom ពីទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ផងដែរ ។

ក្នុងកិច្ចប្រជុំដែរនេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ មានប្រសាសន៍ថា ច្បាប់ស្តីពី“ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” មានគោលបំណងដើម្បីកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា សារបាន និងកិច្ចដំណើរការនៃការរៀបចំច្បាប់ស្តីពី“ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ធ្វើឡើងតាមរយៈកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ និងតាមសម័យប្រជុំពេញអង្គនៃរដ្ឋសភា បានអនុម័តយល់ព្រម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ និងសម័យប្រជុំពេញអង្គវិសាមញ្ញនៃព្រឹទ្ធសភា បានអនុម័តយល់ព្រម កាលពីថ្ងៃទី៣ ខែមេសាឆ្នាំ២០២៦។

គួរំលឹកផងដែរថា៖ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ដោយប្រើឧបាយកលទុច្ចរិតនានា ដូចជា៖ ការលួងលោមបែបមនោសញ្ចេតនា (Romance Scams or Pig Butchering) ការអូសទាញឱ្យប្រគល់នូវទ្រព្យការដាក់ទុនវិនិយោគក្នុងគម្រោងវិនិយោគខ្យល់ ដោយអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ការក្លែងជាការលក់ផលិតផល និងផ្តល់សេវាកម្មអនឡាញផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន