រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ជាមួយនិងសមិទ្ធផលថ្មីៗដើម្បី ប្រែក្លាយឆ្នេរអូរឈើទាលឱ្យទៅជា តំបន់ទេសចរណ៍ស្តង់ដារអន្តរជាតិ

0

ខេត្តព្រះសីហនុ៖ពិធីនេះបានប្រព្រឹត្តទៅ នាល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោកជំទាវ ក្រោមប្រធានបទយ៉ាងមានអត្ថន័យថា៖ «ស្នាមញញឹម និងក្តីសង្ឃឹម នៃ ខេត្តព្រះសីហនុ»ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។ ព្រឹត្តិ ការណ៍សង្ក្រាន្ត ក៏មានសម្តែងសិល្បៈវប្បធម៌ខ្មែរ និងលេងល្បែងប្រជាប្រីយ៌ កម្សាន្ត បងប្អូនប្រជាពលរដ្ឋ ភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ យុវជនយុវនារី មកចូលរួមលេងកម្សាន្តសប្បាយរីករាយច្រើនកុះករផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោល បំណងផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅខេត្តព្រះសីហនុ កាន់តែ ច្រើនកុះករ។ ឯកឧត្តមបានសង្កត់ធ្ងន់លើតម្លៃនៃសាមគ្គីភាពក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងបានរំលឹកពីសារៈសំខាន់នៃល្បែងប្រ ជាប្រិយខ្មែរ (ដូចជា បោះអង្គុញ ទាញព្រ័ត្រ ចោលឈូង)ជាដើម ដែលជាកេរដំណែលនៃវប្បធម៌ជាតិ។ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែ ជាការបង្ហាញពីការរីកចម្រើនឥតឈប់ឈរ និងការត្រៀមខ្លួនជាស្រេចរបស់ខេត្តព្រះសីហនុ ក្នុងការស្វា គមន៍ ភ្ញៀវទេសចរក្នុងឱកាសមហាសង្ក្រាន្តឆ្នាំ២០២៦។ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំសមិទ្ធផលថ្មីៗជាច្រើនក្នុងតំបន់ឆ្នេរអូរឈើទាល ដូចជារៀបចំចំណតរថយន្តបាន ១០០%, បំពាក់ភ្លើងសូឡា ៦៩ដើម និងរៀបចំប្រព័ន្ធលូទឹកកខ្វក់ ២៧កន្លែង។ ដាំដើមឈើទាល ២០០ដើម, ដើមអង្គារសិល្ប៍ ៣១១ដើម និងរៀបចំវាលស្មៅ ១ ២០០ម៉ែត្រការ៉េ។រៀបចំខ្សែបណ្តាញអគ្គិសនីក្រោមដី, បំពាក់កាមេរ៉ាសុវត្ថិភាព, និងសាងសង់អគារយាមកាមសម្រាប់កងរាជអាវុធហត្ថ។កែលម្អតូបអាហារ, បើកផ្លូវចូលឆ្នេរ ៧ច្រក, សាងសង់ផ្លូវដើរអ៊ុតពណ៌, និងសាងសង់ស្លាក «ខ្ញុំស្រឡាញ់ក្រុងព្រះសីហនុ» នៅរង្វង់មូលបេះដូង។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តចូលរួមថែរក្សាសមិទ្ធផលទាំងនេះ ជាពិសេសគឺការយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងបរិស្ថាន ដើម្បីធានាថាឆ្នេរអូរឈើទាល នៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ដែលផ្តល់ផល ប្រយោជន៍ សេដ្ឋកិច្ចរយៈពេលវែងសម្រាប់ខេត្តទាំងមូល៕

នាគសមុទ្រ