សាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា»

(ប៉ៃលិន)៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា» ដោយមានការអញ្ជើញជាអធិបតី ពីសំណាក់លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីលោក គួន មករា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន និងសហការី អនុសាខាក្រុង/ស្រុក មន្ត្រីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត និងមន្ត្រីនគរបាលចរាចរណ៍ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។

លោក គួន មករា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឲ្យដឹងថា៖ ការបើកយុទ្ធនាការណ៍ អប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ មានការសហការចូលរួមអំពី ស្នងការដ្ឋានខេត្ត សាខាកាកបាទក្រហមខេត្ត និងអជ្ញាធរពាក់ព័ន្ធ ដើម្បីជាការពញ្ញាក់ស្មារតី ដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ដែលមានចំនួនពីរទីតាំង គឺ ទីតាំងទី១មុខអាស្រមលោកយាយយ៉ាត ទីតាំងទី២ផ្សារស្រុកសាលាក្រៅ។ លោក បន្តថា៖ ចំពោះយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍នេះ ក្រុមការងារបានបែងចែកជាក្រុមផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ និងមានក្រុមសម្របសម្រួលសំណួរ ចម្លើយ ហើយផ្តល់រង្វាន់ជូនប្រជាពលរដ្ឋ ដែលបានឆ្លើយសំណួរត្រឹមត្រូវផងដែរ។

ក្នុងឱកាសបើកយុទ្ធនាការនេះដែរ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ដែលនាមផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដោយក្តីនឹងរលឹក ព្រមទាំងកោតសរសើរចំពោះមន្រ្តីរាជការ កងកម្លាំង មន្រ្តីប្រតិបត្តិសាខា យុវជននិងអ្នកស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា ដើម្បីចូលរួមយុទ្ធនាការនេះ។

លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបន្ថែមទៀតថា «យុទ្ធនាការនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក កត្តាគួរធ្វើ ឬមិនធ្វើពេលប្រើប្រាស់យានយន្ត និងពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវពេលធ្វើដំណើរ ទោះជិតឬឆ្ងាយ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយអត្រាស្លាប់ របួស និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍»។ ចំពោះមន្ត្រីសុវត្ថិភាពចរាចរណ៍ ជាពិសេសក្មួយៗយុវជនកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់បងប្អូន ប្រជាពលរដ្ឋយើងឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ជាមួយគ្នានេះ លោកជំទាវ ក៍បានថ្លែងអំណរគុណ ចំពោះលេខាធិការដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលតែងតែយកចិត្តទុកដាក់ និងចូលរួមសហកាជាមួយមន្រ្តីប្រតិបត្តិសាខា និងមន្ត្រីនគរបាលចរាចរណ៍ជាប្រចាំ រៀបចំយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍នាថ្ងៃនេះផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន