ឧត្តមសេនីយ៍ទោ សោម ស៊ុន គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្កិជាកិច្ចបច្ឆាមរណៈ ជូនសពលោកវរសេនីយ៍ត្រី ពុធ សំអាន នាយរងផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដឹកនាំសហការី ទៅគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្កិ ជាកិច្ចបច្ឆាមរណៈ​ ជូនសពលោកវរសេនីយ៍ត្រី ពុធ សំអាន នាយរងផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានទទួលមរណៈភាពដោយរោគាពាធ ក្នុងជន្មាយុ ៥៤ឆ្នាំ នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២៦ នេះ​ ស្ថិតនៅភូមិថ្នល់បែកខាងកើត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកអនុសេនីយ៍ឯក សេង មករា នាយរងការិល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចកីសម្រេច ស្ដីពីការបំពាក់ឋានន្តរសកិជាកិច្ចបច្ឆាមរណៈ របស់ក្រសួងការពារជាតិ ជូនលោកអនុសេនីយ៍ឯក ពុធ សំអាន រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្ដល់កិត្តិយសឡើងបំពាក់ឋានន្តរសក្កិថ្នាក់វរសេនីយ៍ត្រី ជូនសពលោកអនុសេនីយ៍ឯក ពុធ សំអាន ជាកិច្ចបច្ឆាមរណៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណេះសំណាលចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសព និងបានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាពន់ពេក ចំពោះការបាត់បង់លោកវរសេនីយ៍ត្រី ពុធ សំអាន ដែលជាយុទ្ធមិត្តធ្លាប់រួមអាវុធ ក្នុងសម័យសង្គ្រាមស៊ីវិល និងជាមិត្តរួមការងារអស់រយៈពេលជិត ៤០ឆ្នាំកន្លងទៅ ។ ថ្ងៃនេះលោកវរសេនីយ៍ត្រី ពុត សំអាន បានលាយើងទាំងអស់គ្នាជារៀងរហូតហើយ។ គាត់លាគ្មានថ្ងៃវិលត្រឡប់មកវិញឡើយ ហើយឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបួងសួងសុំឲ្យវិញ្ញាណក្ខន្ធលោកវរសេនីយ៍ត្រី ពុធ សំអាន បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនេះ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចូលរួមថវិកាមួយចំនួន ដើម្បីរួមចំណែកជាមួយនឹងក្រុមគ្រួសារសព ក្នុងការរៀបចំពិធីបុណ្យជូនសពលោកវរសេនីយ៍ត្រី ពុធ សំអាន ផងដែរ ។