លោកជំទាវ ឃួន ឃុនឌី អញ្ចើញជួបសំណេះសំណាលជាមួយអតីតមន្ត្រីចូលនិវត្តន៍ អង្គភាពសាលាខេត្ត មន្ទីរកិច្ចការនារី មន្ទីរព័ត៌មាន ក្នុងខេត្តកំពង់ធំ

0

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយអតីតមន្ត្រីចូលនិវត្តន៍ អង្គភាពសាលាខេត្ត មន្ទីរកិច្ចការនារី មន្ទីរព័ត៌មាន ក្នុងខេត្តកំពង់ធំ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

នៅក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោកជំទាវ យស ថានារី តំណាងរាស្ត្រមណ្ឌលកំពង់ធំ លោកជំទាវ លឹម មួយស្រៀន ភរិយាឯកឧត្តម អភិបាលខេត្តកំពង់ធំ លោកជំទាវ សុខ ចន្ទធូ ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយមន្ត្រីរាជការចូលនិវត្តន៍ជាច្រើនរូបផងដែរ។

ជាមួយគ្នានោះដែល លោកជំទាវ ឃួន ឃុនឌី បានលើកឡើងថា ការជួបជុំគ្នានៅពេលនេះ ពិតជាមាននូវក្តីរំភើបរីករាយក្រៃលែងដែលបានមកចូលរួមជួបសំណេះសំណាលសួរសុខទុក្ខ លោកពូ អ្នកមីងបងៗទាំងអស់ ដែលជាមន្ត្រីចូលនិវត្តន៍ខ្លះជាថ្នាក់ដឹកនាំ ហើយខ្លះទៀតជាសហការី យើងបែកគ្នាជាច្រើនឆ្នាំមកហើយ បានធ្វើឲ្យខ្ញុំជាអ្នកជំនាន់ក្រោយ នឹកអាល័យនៅសកម្មភាពដល់រស់រវើកដែលរៀមច្បងបានចែករំលែកនូវបទពិសោធន៍ការងារ ចំណេះដឹង ជំនាញ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង អភិវឌ្ឍន៍អង្គភាពមានការរីកចម្រើនជាបន្តបន្ទាប់។

លោកជំទាវបន្តថា ដោយកីស្រឡាញ់រាប់អានដល់ជ្រាវជ្រៅ នៃមហាគ្រួសាររដ្ឋបាលខេត្តទាំងមូល លោកពូ អ្នកមីង បងប្អូន មន្ត្រីអតីតចូលនិវត្តន៍ ដែលបានចែករំលែកបទពិសោធន៍សកម្មភាពនៃការពង្រឹងសមត្ថភាពរបស់មន្ត្រីយើង គ្រប់ឋានានុក្រមនៃរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធដែលបានសហការគ្នា សកម្មភាពទាំងអស់នេះហើយ ដែលជាគំរូវីរភាពដែលយើងខ្ញុំជាអ្នកជំនាន់ក្រោយ មិនអាចមើលរំលងបានហើយក៏មិនអាចបំភ្លេចបាន។ សកម្មភាព និងបទពិសោធន៍ដល់រស់រវើកដែលលោកពូ អ្នកមីង បងៗ ដែលរួមគ្នាសហការគ្នា បានចូលរួមថែទាំការពារជាតិមាតុភូមិយើងនៅពេលនេះ។

លោកជំទាវ បន្ថែមទៀតថា ក្រោយពីប្រទេសជាតិ រួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត រណសិរ្សសាមគ្គីសង្គ្រោះជាតិ បានសង្គ្រោះប្រជាពលរដ្ឋកម្ពុជាយើងបានកកើតឡើង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ កាលនោះបងៗ អ្នកមីង សុទ្ធសឹងតែជាអ្នកស្នេហាជាតិ ស្រឡាញ់នប្រទេសជាតិ បានចូលរួមបម្រើការងារនៅគ្រប់ស្ថាប័ន អង្គភាព ដែលបានចូលរួមចំណែក ការពារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ឲ្យមានការវិវត្តរីកចម្រើនជារៀងរហូត។ នេះជាអតីតកាលដែលយើងនាំគ្នាថែរក្សាបានមកដល់ពេលនេះមិនមែនបានមកដោយឯងៗនោះទេ គឺមានការលះបង់ទាំងស្មារតីអាយុជីវិត របស់បងប្អូន មន្ត្រីរាជការគ្រប់ឋានៈទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលធ្វើឲ្យប្រទេសជាតិរបស់យើងមានសន្តិភាពរហូតមកដល់ពេលនេះ។

ជាចុងក្រោយលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ក៍បានផ្តាំផ្ញើរ ដល់លោកអ៊ំ ពូមីង បងប្អូន អតីតមន្ត្រីចូលនិវត្តន៍ទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ រស់នៅស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សូមជួយអប់រំណែនាំកូនចៅ ចូលរួមចូលរួមលេងល្បែងប្រជាប្រិយទាំងអស់គ្នា។ អត្ថបទដោយ សូរហ៊ាន សំអាង