កំពង់ធំ៖ លោក សាយ គឹមឡម ប្រធានសមាគមន៍អតីតយុទ្ធជន និងនិវត្តជនស្រុកស្ទោងបានលើកឡើងថាការធ្វើផ្ទះថ្មីជូនអតីតយុទ្ធជននិងនិវត្តជនគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
លោក សាយ គឹមឡម ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ផ្ទះថ្មីព្រមទាំងឧបត្ថម្ភនូវគ្រឿង ឧបភោគបរិភោគមួយចំនួនជូនដល់អតីតយុទ្ធជននៅក្នុងភូមិមឈាយ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៦។
លោកបន្តថា ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានសមាគម នៅក្នុងឱកាសនេះ គឺជាការតបស្នងសងគុណដល់ លោក ជា សារុន ជាអតីតយុទ្ធជនដែលបានពលីសព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ និងបូរណភាពទឹកដីព្រមទាំងសុខសន្តិភាព។
លោកបានណែនាំដល់លោក ជា សារុន ត្រូវរស់នៅប្រកបដោយភាពជឿជាក់ខ្ពស់ និងមានអនាម័យល្អ ព្រមទាំងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងជាប្រចាំ ត្រូវចេះតាមដានស្ថានភាពសុខភាពរបស់ខ្លួនឱ្យបានហ្មត់ចត់ ជាពិសេសត្រូវប្រញាប់ទៅជួបគ្រូពេទ្យក្នុងស្ថានភាពមិនប្រក្រតីណាមួយនៃសុខភាព ដើម្បីធានាបាននូវការប្រឹក្សាយោបល់ និងសង្គ្រោះព្យាបាលបានទាន់ពេលវេលា។
លោកបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អាជ្ញាធរឃុំសំព្រោជ ព្រមទាំងពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបាននិងតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាព និងជីវភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរកន្លងមក ជាពិសេសការរួបរួមសាមគ្គីសហការគ្នាក្នុងនាមសមរភូមិក្រោយឧបទ្ថម្ភគាំទ្រ វីរៈកងទ័ពជួរមុខ ព្រមទាំងក្រុមគ្រួសារកងទ័ព និងជនភៀសសឹកដែលបានមកដល់មូលដ្ឋានខ្លួនប្រកបដោយភាពស្និទ្ធស្នាលនិងកក់ក្តៅបំផុត។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរលោក សាយ គឹមឡម បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនដល់លោក ជា សារុន ដែលជាម្ចាស់ផ្ទះ និងចែកសំលៀកបំពាក់មួយចំនួនដល់បងប្អូនពលរដ្ឋដែលបានចូលរួមប្រមាណ៤០នាក់ផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យអ៊ុមញឹប






































