រយៈពេលបីថ្ងៃដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអ្នកភូមិបន្ទាយស្រីសប្បាយរីករាយ

0

សៀមរាប: រដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំពិធីបើកព្រឹត្តការណ៍បុណ្យភូមិបន្ទាយស្រី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្រោមអធិបតីភាព ឯកឧត្ដម សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី និងមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អ្នកពាក់ព័ន្ធជាច្រើនរូប និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណរង្វង់មូលបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្ដម សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា បុណ្យភូមិបន្ទាយស្រី ដែលមានរយៈពេលបីថ្ងៃ ប្រារព្ធឡើងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្នុងការលើកកម្ពស់សក្ដានុពលទេសចរណ៍ក្នុងតំបន់ ដែលបានរៀបចំកម្មវិធីកម្សាន្តជាច្រើន ក្នុងគោលបំណងបង្កើតបរិយាកាសសប្បាយរីករាយតាមបែបប្រពៃណី មានដូចជាការលេងល្បែងប្រជាប្រិយខ្មែរ ការរាំលេងជាមួយតន្ត្រីស្គរដៃ ការដាក់លក់ម្ហូបអាហាររបស់អ្នកស្រុក ផលិតផលសហគមន៍ ក្នុងន័យចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ជាពិសេសដើម្បីរក្សាវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូផង់របស់ជាតិខ្មែរផងដែរ។ ជាមួយគ្នានេះដែររដ្ឋបាលស្រុកបន្ទាយស្រី និងបណ្ដាសហគមន៍ទេសចរណ៍ស្រុក បានរៀបចំកែលម្អបរិវេណរង្វង់មូលបន្ទាយស្រី ក្លាយជាសួនកសិទេសចរណ៍ ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរមកទស្សនា និងមកស្រូបយកខ្យល់អាកាសបរិសុទ្ធនៅតំបន់ជនបទ លេងល្បែងប្រជាប្រិយ និងមានការរាំលេងជុំគ្នាជាមួយអ្នកស្រុកដែលមានស្នាមញញឹមរាក់ទាក់ផងដែរ។
សូមបញ្ជាក់ផងដែរ កម្មវិធីបុណ្យភូមិបន្ទាយស្រី នៅបរិវេណរង្វង់មូលបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី មានរយៈពេល ៣ថ្ងៃ ចាប់ពីទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ រួមមានកម្មវិធីសប្បាយៗមានដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ ល្បែងកញ្ញាធ្លាក់ទឹក និងការរាំតន្រ្តីស្គរដៃតាមបែបប្រពៃណីខ្មែរ និងកម្មវិធីកម្សាន្តជាច្រើនទៀត ៕