ប៉ៃលិន៖ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម អតីត យុទ្ធជន និងនិវត្តជនកម្ពុជា និងកសាងដោយសម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជា អនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់អតីតយុទ្ធជនឈ្មោះ សាំង វី ភេទ ប្រុស អត្តលេខRB013000169 រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីសម្រាលដល់ទុក្ខលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន កម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធាន ទី ១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរ ចំពោះ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃ បាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុ រំដោះប្រទេសជាតិប្រជាជន ឱ្យរួចផុតពីរបប ប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាមាន សុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។

លោកជំទាវបណ្ឌិតប្រធាន បានមានប្រសាសន៍លើកឡើងថា៖ អតីតយុទ្ធជននិងនិវត្តជន ពួកគាត់ពិតជាបាន លះ បង់ធំធេងណាស់សម្រាប់ជាតិមាតុភូមិ ដូច្នេះហើយទើបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បង្កើតឱ្យមាន សមាគមនេះឡើង គឺដើម្បីឱ្យយើងជួយមើលថែចិញ្ចឹមពួកគាត់ ដោយបន្តទទួលបានការយកចិត្តទុកដាក់និង អត្ថប្រយោជន៍ បន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់ សមាជិក ព្រមទាំងផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិក ដែលបានទទួលមរណភាព ឱ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលដល់ទុក្ខលំបាករបស់ពួកគាត់ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បាន មាន ប្រសាសន៍ថ្លែងការកោតសរសើរ ចំពោះ ក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ និងយកចិត្តទុកដាក់ មើលថែអតីតយុទ្ធជននៅក្នុងមូលដ្ឋានរបស់ខ្លួនបាន យ៉ាងល្អប្រសើរ ហើយបន្ថែមពីលើនេះ សូម ជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្ដា មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយ ចំពោះ ជីវភាព សុខភាព និងបញ្ហាប្រឈមនានា របស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរ ឡើងថែមទៀតផងដែរ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានផ្ដល់ សម្ភារៈបរិក្ខា ស្បៀងអាហារ និងឧបត្ថម្ភថវិកាមួយចំនួនផងដែរ ដល់អតីតយុទ្ធជន ឈ្មោះ សាំង វី ដែលទើបទទួលបានផ្ទះថ្មីមួយខ្នង៕អត្ថបទ ភ្នំខៀវ ប៉ៃលិន






































