ក្មេងទំនើងចំនួន ៧ នាក់ (២ ក្រុមផ្សេងគ្នា) ដែលបង្កអំពើហិង្សា នៅចំណុចផ្លូវកៅស៊ូ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់

0

សៀមរាប: យោងតាមបណ្ដឹងបរិហារ និងវីដេអូដែលប្រជាពលរដ្ឋថតបាន បង្ហាញពីសកម្មភាពក្មេងទំនើងបង្កហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហចារី និងប្រើប្រាស់អាវុធ (ហិង្សាទៅវិញទៅមក) នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង ១៨:០០ នាទី ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៦។
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែននគរបាលព្រហ្មទណ្ឌខេត្តសៀមរាប សហការជាមួយនគរបាលស្រុកជីក្រែង បានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។
គិតត្រឹមថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧ នាក់ (២ ក្រុមផ្សេងគ្នា) រួមមាន៖
១- ឈ្មោះ លុន សុលីន ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ បើករថយន្តដឹកគ្រឿងទេស (គ្មានប្រវត្តិទោស)
២- ឈ្មោះ លុន វុទ្ធី ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ បើករថយន្តដឹកគ្រឿងសំណង់ (គ្មានប្រវត្តិទោស)
៣- ឈ្មោះ លន់ សុឃីម ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ជាងកាត់សក់ (គ្មានប្រវត្តិទោស)
៤- ឈ្មោះ ខេង ឃា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ បុគ្គលិករោងពុម្ព (គ្មានប្រវត្តិទោស)
៥- ឈ្មោះ សាន សីហា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរ កម្មករសំណង់ (គ្មានប្រវត្តិទោស)
៦- ឈ្មោះ ងួន ប៊ុនណាត ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរ សិស្សថ្នាក់ទី ៨ (គ្មានប្រវត្តិទោស)
៧- ឈ្មោះ ស៊ី សុសាន ហៅ សើម ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កសិករ (គ្មានប្រវត្តិទោស) (រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)
មូលហេតុនៃអំពើហិង្សា គឺបណ្ដាលមកពីការសម្លឹងមុខឌឺដងគ្នា ក្នុងអំឡុងពេលចូលរួមពិធីឆ្លងចេត្រ នៅចំណុចស្ពាននាគ (ស្ពានបុរាណ) ស្ថិតនៅភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។ បន្ទាប់ពីកម្មវិធីបញ្ចប់ ពួកគេបានជិះម៉ូតូជាក្រុមៗ ទៅដល់ចំណុចកើតហេតុខាងលើ ហើយក៏កើតមានអំពើហិង្សាទៅវិញទៅមក ត្រូវបានប្រជាពលរដ្ឋថតវីដេអូ បង្ហោះតាមបណ្ដាញសង្គម។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីកន្លែងកើតហេតុ រួមមាន៖ ដុំឥដ្ឋ ២ ដុំ, ដុំដី ១ ដុំ, អាវម៉ូតូខូច ១ គូ និងកញ្ចក់ម៉ូតូ ១។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ ដោយលទ្ធផលឃើញវិជ្ជមាន ១ នាក់ គឺឈ្មោះ ខេង ឃា។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់។
ចំណែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនអនុវត្តតាមច្បាប់បន្ត។