ខេត្តក្រចេះទទួលបានភ្ញៀវទេសចរជិត ៧ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

0

ខេត្តក្រចេះ៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦) ខេត្តក្រចេះបានក្លាយជាគោលដៅទេសចរណ៍ ដ៏មានសក្ដានុពល ដោយទទួលបានភ្ញៀវមកកម្សាន្តសរុបប្រមាណ ៦៩,៩៦២ នាក់ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលរបស់មន្ទីរទេសចរណ៍ នៃរដ្ឋបាលខេត្តក្រចេះ។

របាយការណ៍ដដែលបានបង្ហាញទៀតថា ក្នុងចំណោមភ្ញៀវទេសចរសរុប មានភ្ញៀវជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំនួន ៦៨,២៨៦ នាក់ ខណៈដែលភ្ញៀវអន្តរជាតិមានចំនួន ៦០៤ នាក់។ ក្រៅពីការដើរកម្សាន្តតាមតំបន់រមណីយដ្ឋាន វត្តអារាម និងសហគមន៍ទេសចរណ៍នានា ក៏មានភ្ញៀវទេសចរចំនួន ១,០៧២ នាក់ បានសម្រេចចិត្តស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្តផងដែរ។

​          ភាពចម្រុះនៃតំបន់កម្សាន្ត ភ្ញៀវទេសចរបានសម្រុកទៅកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិ តំបន់សហគមន៍ទេសចរណ៍ និងការជួបជុំគ្នានៅតាមវត្តអារាមនានា ដែលបានរៀបចំកម្មវិធីសង្ក្រាន្តយ៉ាងអធិកអធម។ តាមរយៈការគ្រប់គ្រងអាជ្ញធរបានធ្វើឡើងយ៉ាងល្អប្រសើរ និងជម្រុញឱ្យការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ បានប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាព។

កំណើនភ្ញៀវទេសចរនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើន នៃវិស័យទេសចរណ៍ក្នុងខេត្តក្រចេះ ជាពិសេសការលើកកម្ពស់តំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ ដែលកាន់តែធ្វើឲ្យមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន៕ដោយ៖ឡុង សំបូរ