រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំរុញ រដ្ឋបាលខេត្តកំពង់ធំ បន្តស្រាវជ្រាវ (Online Scam) ពង្រឹងកិច្ចសហការ ត្រួតពិនិត្យទីតាំងសង្ស័យនិងបង្ក្រាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

0

(កំពង់ធំ)៖ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីពាក់ព័ន្ធ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរក្រុងស្រុកទាំង៩ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម អ៊ុន បុត្ត បានរាយការណ៍ អំពីកិច្ចប្រតិបត្តិការទប់ស្កាត់បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំរយៈពេលកន្លងមក អំពីយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការ ក្រៅពីមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំបានរៀបចំផែនការស្តីពីយុទ្ធសាស្ត្របោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបានធ្វើសកម្មភាពត្រួតពិនិត្យតាមបណ្តាគោលដៅសំខាន់ៗ រួមមានក្រុមហ៊ុន រោងចក្រ សហគ្រាសជនបរទេស និងទីតាំងសង្ស័យនានា ក្រុមហ៊ុន រោងចក្រ សហគ្រាសដែលមានជនបរទេសកំពុងបម្រើការ ដើម្បីធានាបានក្នុងភូមិសាស្ត្រខេត្តកំពង់ធំមិនមានទីតាំងលួចលាក់ធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម សួស អង្គារ៍ បានណែនាំឲ្យក្រុមការងារទាំងអស់ បន្តជំរុញការផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” និងការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងផ្សព្វផ្សាយអំពីល្បិចកល និងវិធីការពារខ្លួនដល់សាធារណៈជន ជាពិសេសយុវជន ឲ្យបានទូលំទូលាយ។ ជាមួយគ្នានេះដែរ កម្លាំងនគរបាលជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការក្នុងការបែងចែកភារកិច្ច ទទួលខុសត្រូវ និងត្រួតពិនិត្យទីតាំងសង្ស័យតាមសណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ ត្រូវបន្តអនុវត្តវិធានការចុះស្រាវជ្រាវតាមមូលដ្ឋាន ដើម្បីកំណត់ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងភូមិសាស្ត្រខេត្ត៕ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុម ញឹប។