(ប៉ៃលិន)៖ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសនានា អោយអស់ពីប្រទេសកម្ពុជា នៅរាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកស្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងសមត្ថកិច្ចចម្រុះក្នុងខេត្ត ឱ្យបន្តបេសកកម្មចុះអនុវត្តវិធានការត្រួតពិនិត្យតាមដងផ្លូវជាតិសំខាន់ៗ ជាពិសេស ផ្លូវជាតិលេខ ៥៧ និងផ្លូវជាតិលេខ ៥៩ ដើម្បីត្រួតពិនិត្យគ្រប់គ្រងទប់ស្កាត់ លើជនបរទេសខុសច្បាប់ ចូលមកក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដើម្បីលួចប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជាពិសេសទប់ស្កាត់ការលួចបង្កប់បទល្មើសបច្ចេកវិទ្យា(Online Scam) ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ជាបន្តបន្ទាប់ ដើម្បីជំរុញឲ្យអាជ្ញាធររាជធានី-ខេត្ត ពង្រឹងសមត្ថភាពមន្ត្រី ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលបំផ្លាញកិត្តិយសជាតិ ។ លោកជំទាវបណ្ឌិត អភិបាលខេត្ត ក៍មានប្រសាសន៍បញ្ជាក់ថា៖ គោលបំណង នៃការរឹតបន្តឹងសន្តិសុខនេះ គឺដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងជនបរទេស ដែលចូលមកស្នាក់នៅ ឬធ្វើការដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។ ការបង្ក្រាបបទល្មើសឆ្លងដែន រួមមានការទប់ស្កាត់ការជួញដូរមនុស្ស ការលួចឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀនតាមព្រំដែន និងការធានាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលជាការបង្កើនទំនុកចិត្ត ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តាមរយៈការត្រួតពិនិត្យយានយន្ត ដែលធ្វើចរាចរណ៍ឆ្លងកាត់ខេត្តជាដើម។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការពិនិត្យឯកសារពាក់ព័ន្ធ ដូចជាលិខិតឆ្លងដែន ទិដ្ឋាការ និងប័ណ្ណស្នាក់នៅ របស់ជនបរទេសគ្រប់រូប ដើម្បីធានាថាពួកគេគោរពតាមច្បាប់ ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានសង្កត់ធ្ងន់ ទៅកាន់កងកម្លាំងអនុវត្តច្បាប់ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តការងារដោយតម្លាភាព និងភាពម៉ឺងម៉ាត់។ ទន្ទឹមនឹងនោះ លោកស្រី ក៏បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់អាជីវកម្មនានា ក្នុងខេត្តប៉ៃលិន ត្រូវសហការរាយការណ៍ជាបន្ទាន់ ដល់សមត្ថកិច្ច ប្រសិនបើឃើញមានវត្តមានជនបរទេសសង្ស័យដែលគ្មានឯកសារត្រឹមត្រូវ។

គួរំលឹកដែរថា៖ សកម្មភាពនេះសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងការអនុវត្តតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរដ្ឋបាលខេត្ត បានប្រកាសជំហរយ៉ាងច្បាស់ថា នឹងមិនអត់ឱនចំពោះបុគ្គល ឬមេខ្យល់ណា ដែលនាំជនបរទេសលួចឆ្លងដែនខុសច្បាប់ឡើយ និងពង្រឹងយន្តការការងារ របស់គណៈបញ្ជាការឯកភាពខេត្ត ដែលជាគន្លឹះ ក្នុងការលុបបំបាត់បទល្មើសគ្រប់ប្រភេទឱ្យអស់ពីទឹកដីកម្ពុជា។
សរុបមកក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ ខេត្តប៉ៃលិននៅតែបន្តជាខេត្តដែលមានសុវត្ថិភាព និងមានការគ្រប់គ្រងសន្តិសុខយ៉ាងល្អប្រសើរ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន




































