ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍វឌ្ឍនភាពការងារអនុវត្តអនុក្រឹត្យលេខ០៣ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបានរកឃើញ និងបង្ក្រាបបទល្មើស Online Scams នៅចំនួន ៣ទីតាំង ក្នុងចំណោមទីតាំង ដែលបានត្រួតពិនិត្យសរុប ១៧កន្លែងក្នុងខេត្តព្រះសីហនុ។

កិច្ចប្រតិបត្តិការបង្ក្រាបតាមទីតាំងនីមួយៗ រួមមាន ទីតាំងទី១ នៅចំណុចផ្ទះជួលរបស់ឈ្មោះ យស់ សាវ៉ាត ស្ថិតក្នុងភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម សមត្ថកិច្ចបាន ឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ និងដកហូតកុំព្យូទ័រលើតុ ៤គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង និងទូរសព្ទដៃ ៣៨គ្រឿង។ទីតាំងទី២ នៅ ចំណុចបឹងហ្គាឡូ ស្ថិតក្នុងភូមិរាម សង្កាត់រាម ក្រុងកំពង់សោម ឃាត់ខ្លួនជនបរទេសសរុបចំនួន ៣៦នាក់ រួមជាមួយសម្ភារសង្ស័យជាច្រើន រួមមាន កុំព្យូទ័រលើតុ ១៨គ្រឿង និងទូរសព្ទដៃ ៧២គ្រឿង។ ទីតាំងទី៣ នៅផ្ទះវីឡាជួល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ និងដកហូត កុំព្យូទ័រលើតុ ១៣គ្រឿង ព្រមទាំងទូរសព្ទដៃ ៧គ្រឿង។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ចំនួនទីតាំងដែលត្រូវបានបង្ក្រាបពាក់ព័ន្ធនឹងបទល្មើសអនឡាញ (Online Scams) ក្នុងខេត្តព្រះសីហនុ បានកើនឡើងដល់ ៣២ទីតាំង៕

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចឃាត់ខ្លួន មនុស្សសរុបចំនួន ៤៥នាក់ និងវត្ថុតាងជាសម្ភារបច្ចេក វិទ្យាជាច្រើនគ្រឿង ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។ទាំងអស់នេះគឺ ក្នុងកិច្ចប្រតិបត្តិការរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រះសីហនុ បានបើកយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹង បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាបន្តបន្ទាប់៕


នាគសមុទ្រ




































