(ឧត្តរមានជ័យ)៖ ក្រោមស្មារតី រួមសុខរួមមទុក្ខ និងការគិតគូរខ្ពស់ពីសុខុមាសភាពរបស់ប្រជាពលរដ្ឋរងគ្រោះថ្នាក់ដោយយថាហេតុ នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ ដោយមានការចាត់តាំងពី លោក ផុន ចាន់និល អភិបាល នៃគណៈ
អភិបាលក្រុងសំរោង, លោកស្រី ហេង សុជាតិ អភិបាលរងក្រុង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនគ្រួសារលោក ចាន់ ម៉ៅ ដែលបានរងគ្រោះដោយអគ្គិភ័យឆេះផ្ទះកាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅ ស្ថិតនៅភូមិកូនគ្រៀល សង្កាត់កូនគ្រៀល។
ការផ្ដល់ជំនួយសង្គ្រោះនេះ អំណោយដែលបានប្រគល់ជូនរួមមានស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃក្នុងដំណាក់កាលដ៏លំបាកនេះ។ ក្នុងឱកាសនោះ លោកស្រីអភិបាលរង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកអភិបាលក្រុង ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ជូនដល់គ្រួសាររងគ្រោះដោយក្ដីអាណិតអាសូរបំផុត។ លោកស្រីក៏បានបន្តលើកទឹកចិត្តដល់ក្រុមគ្រួសាររងគ្រោះ ឱ្យមានស្មារតីរឹងមាំ និងខិតខំស្ដារស្ថានភាពរស់នៅឡើងវិញ ព្រមទាំងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ជាពិសេសក្នុងរដូវក្ដៅនេះ។
រដ្ឋបាលក្រុងសំរោង ជានិច្ចកាលតែងតែនៅក្បែរបងប្អូនប្រជាពលរដ្ឋរងគ្រោះគ្រប់កាលៈទេសៈ ដើម្បីផ្ដល់ភាពកក់ក្ដៅ និងដោះស្រាយរាល់ទុក្ខលំបាកនានាបានទាន់ពេលវេលា៕ដោយ៖ភ្នំដងរ៉ែក





































