រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីបុណ្យវិសាខបូជាតាមគន្លងព្រះពុទ្ធសាសនា នៅវត្តប្រាសាទរាជាសំរោង

0

ឧត្តរមានជ័យ៖ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការទូទាំងខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមប្រារព្វពិធីបុណ្យវិសាខបូជាតាមគន្លងព្រះពុទ្ធសាសនានៅវត្តប្រាសាទរាជាសំរោង ដោយពីធីដង្ហែបុណ្យវិសាខបូជានេះធ្វើឡើងចាប់ផ្ដើមពីចំនុចចេញពីខ្លោងទ្វារខាងជើង ទៅកាន់វត្តប្រាសាទរាជាសំរោង នារសៀលថ្ងៃទី១ឧសភាឆ្នាំ២០២៦នេះ។

ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏ធំមួយ ដែលបាន ប្រារព្ធធ្វើឡើង ដើម្បីគោរពរំឭកនឹក គុណដល់សម័យកាលរបស់ ព្រះសម្មាសម្ពុទ្ធសមណ គោត្តម ដែលព្រះអង្គ ទ្រង់ប្រសូត្រ បាន ត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នា ពោលគឺថ្ងៃ ទ្រង់ ប្រសូត្រ ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វាន គឺចំថ្ងៃ១៥ កើត ខែពេញបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែ ពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ ។

គួរបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា ត្រូវបានស្ដារឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ហើយរហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍន៍វិស័យសាសនា ដែលក្នុងនោះមានទាំងការគោរពសិទ្ធិសេរីភាពខាងជំនឿ សាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ៕ដោយ៖ភ្នំដងរ៉ែក