សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន និមន្តជាព្រះអធិបតីក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៦-២០២៧ នៅខេត្តកំពង់ធំ

0

(កំពង់ធំ)៖ នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វិស័យពុទ្ធិកសិក្សាទូទាំងខេត្តកំពង់ធំ បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ យ៉ាងមហោឡារិក នៅវត្តឥន្ទ្រីយ៍សំវរៈ (វត្តកំពង់ធំ) ស្ថិតក្នុងក្រុងស្ទឹងសែន។ ពិធីនេះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ ព្រះអគ្គាធិការរង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយនៃកម្ពុជា។
​អញ្ជើញចូលរួមជាអធិបតីក្នុងឱកាសនោះដែរ រួមមាន លោកជំទាវ នួន ប៊ុនណា រដ្ឋលេខាធិការតំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និង ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ និងសមណសិស្ស-សិស្ស សរុបប្រមាណ ៧១៧ អង្គ/នាក់។
​ក្នុងមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដាក់ចេញនូវទស្សនៈសំខាន់ៗដើម្បីពង្រឹងវិស័យសាសនា និងសង្គម រួមមាន៖ ការពង្រឹងសាមគ្គីភាពក្នុងវត្តអារាមដើម្បីធ្វើជាគំរូដល់ពុទ្ធសាសនិក, ការចូលរួមផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដើម្បីលុបបំបាត់បទល្មើស និងគ្រឿងញៀន និងការបន្តជួយជ្រោមជ្រែងវិស័យពុទ្ធិកសិក្សាឱ្យកាន់តែខ្លាំងក្លា ដើម្បីបណ្តុះបណ្តាលធនធានបញ្ញវន្តសង្ឃសម្រាប់បម្រើព្រះពុទ្ធសាសនាឱ្យស្ថិតស្ថេរយូរអង្វែង។
​ជាមួយគ្នានេះ ព្រះទេពសត្ថា សៀង សុខ ព្រះមេគណខេត្តកំពង់ធំ ក៏បានលើកឡើងពីមោទនភាពចំពោះសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំសិក្សាកន្លងទៅ ប៉ុន្តែព្រះអង្គក៏បានបង្ហាញពីបញ្ហាប្រឈមមួយចំនួនដូចជា កង្វះខាតគ្រូក្របខណ្ឌ និងឯកសារស្រាវជ្រាវនៅគ្រប់កម្រិតពុទ្ធិកសិក្សាផងដែរ។
​ជាទីបញ្ចប់ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានមានសង្ឃដីកាផ្តាំផ្ញើដល់សមណសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្កើនចំណេះដឹង សីលធម៌ និងប្រាជ្ញា ព្រោះការរៀនសូត្រគឺជាវិថីតែមួយគត់ឆ្ពោះទៅរកអនាគតភ្លឺស្វាង និងជាបុគ្គលមានតម្លៃសម្រាប់សង្គមជាតិ។ បន្ថែមពីនេះ សម្តេចបានដាស់តឿនដល់គ្រប់វត្តអារាមឱ្យយកចិត្តទុកដាក់លើការតុបតែងលម្អបរិស្ថានវត្តឱ្យបានស្រស់ស្អាត ដើម្បីទាក់ទាញសប្បុរសជន និងពុទ្ធបរិស័ទឱ្យចូលមកគោរពបូជា និងរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន៕
អត្ថបទដោយ៖ ប៊ុន រដ្ឋា