សាលាដំបូងខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនមនុស្ស ៤នាក់ ពាក់ព័ន្ធករណីឆបោកអនឡាញ និងនាំចូលទំនិញគេចពន្ធ !

0

ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង លើសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងការនាំចូលទំនិញគេចពន្ធ ដែលបានប្រព្រឹត្តទៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទជាជនជាតិខ្មែរចំនួន ៤នាក់ រួមមាន៖ ឈ្មោះ ចាន់ ប៊ុនអែម, ប៊ុនថន ភក្តី, ចាន់ លីណា និង តេង គឹមហុង។ ដោយឡែក ជនសង្ស័យបក្ខពួកផ្សេងទៀត រួមមានបុរសជនជាតិចិនម្នាក់ និងស្ត្រីជនជាតិខ្មែរឈ្មោះ SOONG ព្រមទាំងបក្ខពួកមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលគេចខ្លួននៅឡើយ។
ជនត្រូវចោទទាំងអស់ ត្រូវបានចោទប្រកាន់ពីបទល្មើសសំខាន់ៗចំនួន ២ រួមមាន៖ ១. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ,២. សមគំនិតក្នុងអំពើឆបោក និងការលួចនាំចេញ-ចូលទំនិញគេចពន្ធ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងចម្រុះរួមមាន៖ មន្ត្រីគយ និងរដ្ឋាករ កងរាជអាវុធហត្ថ និងនគរបាលខេត្ត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំង ក្រុមហ៊ុន ស្ទឹងត្រែង សេកុង អឹមផត អិចផត ឯ.ក (Stung Treng Sekong Import Export Co., Ltd) ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន៖ បារីចិន និងស្រាចម្រុះជាច្រើនកេស ,កុំព្យូទ័រយួរដៃ (Dell) ចំនួន ១២គ្រឿង, ទូរស័ព្ទដៃ iPhone ប្រើរួច ចំនួន ៦៧៥គ្រឿង ,គ្រឿងបន្លាស់កុំព្យូទ័រ (Keyboard, CPU, All-in-one Monitor) ជាច្រើនរយគ្រឿង
ឧបករណ៍ចែកចាយ Wi-Fi (Router) និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀត។
តាមការស៊ើបអង្កេត បទល្មើសនេះបានប្រព្រឹត្តតាំងពីអំឡុងឆ្នាំ២០១៧ រហូតដល់ថ្ងៃបង្ក្រាប។ បច្ចុប្បន្ន ចៅក្រមស៊ើបសួរបានបញ្ជូនជនត្រូវចោ ទទៅឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារខេត្ត និងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលកំពុងគេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
បើតាមប្រភពពីអ្នកប្រកបអាជីវកម្មដឹកជញ្ជូនក្នុងក្រុងស្ទឹងត្រែង បានឱ្យដឹងថា ក្រុមហ៊ុនខាងលើ គឺជាទីតាំងអាជីវកម្មដឹកជញ្ជូនភ្ញៀវ និងទំនិញ ចេញ-ចូល រវាងប្រទេសឡាវ និងកម្ពុជា៕